អាជ្ញាធរខេត្តមណ្ឌលគិរី បានដំណើរការកែលំអរផ្លូវទៅកាន់តំបន់ទេសចរណ៍ទឹកជ្រោះអូរតាំងឡាំង

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា ២៧ .០៤.២០

 អាជ្ញាធរខេត្តមណ្ឌលគីរី បានកែលំអរផ្លូវទៅកាន់តំបន់ទេសចរណ៍ទឹកជ្រោះអូរតាំងឡាំងដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិទៅ ទស្សនានៅតំបន់នោះ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសំភាសន៏ដល់អ្នកយកព័ត៌មាន របស់វិទ្យុជាតិកម្ពុជាអោយដឹងថា ដោយមើលឃើញភាពលំបាករបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេចរក្នុងការធ្វើដំណើរទៅសម្រាកកំសាន្តនៅតំបន់ទេសចរណ៏ធម្មជាតិអូរតាំងឡាំង អាជ្ញាធរខេត្តក៏បានកែលំអរផ្លូវទៅកាន់តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះអោយមានភាពងាយស្រួលនិងមានសុវត្ថិភាព ពិសេសកាត់បន្ថយការចំណាយពេលវេលាធ្វើដំណើររបស់អ្នកទេសចរ។
ឯកឧត្តមបន្តថា ការកែលំអរហេដ្ឋារចនាសម្ព័ន្ធនានានេះមិនត្រឹមតែបង្កលក្ខណះងាយស្រួលដល់អ្នកទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និងជាដង្ហើមសេដ្ឋកិច្ចជាតិផងដែរ។
សំឡេង: នៅក្នុងឆ្នាំ ២០២០នេះយើងបានតភ្ជាប់ផ្លូវមួយទៅកាន់តំបន់ទឹកជ្រោះអូរតាំងឡាំងដែលចំងាយពីនេះទៅប្រហែ១៨ទៅ ២០គីឡូម៉ែត្រដែលគ្រាន់ថាបែកចេញពីផ្លូវដែលយើងមានស្រាប់នេះទៅប្រហែល៧ ឬ៨ គីឡូតែផ្លូវពិបាកឥឡូវយើងបានទំលុះទំលាយផ្លូវនេះដើម្បីចូលទៅដល់ចឹងអាចភ្ញៀវទេសចរណ៏ទៅគាត់ទៅដល់ បំបែកផ្លូវចូល១៥នាទីទៅដល់ហើយពីមុនផ្លូវប្រហែល ៧ ទៅ ៨ គីឡូតែអត់ផ្លូវឡាន និងម៉ូតូ ធ្វើឲ្យពិបាកតែអីឡូវយើងទៅដល់ហើយ ហើយក៏មានក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៍ផងយើងគិតពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដើម្បីទៅរមណីយដ្ឋាននានាទី២ក៏យើងគិតអំពីការពង្រីកនូវវិស័យភោជនីយដ្ឋានមួយចំនួនទៀតដើម្បីបម្រើដល់វិស័យទេសចរណ៍។
គួរបញ្ជាក់ថា ខេត្តមណ្ឌលគិរីមានតំបន់ទេសចរណ៏ដែលមានសក្កានុពលខ្ពស់ ជាង២៣កន្លែងក្នុងនោះមានដូចជា ទឹកធ្លាក់ដំណាក់ស្តេច,តំបន់រម្មណីយដ្ឋានអូរមីស, តំបន់ទឹកធ្លាក់ប៊ូស្រា, ទឹកធ្លាក់ជ្រៃធំ, រម្មណីយដ្ឋានទស្សនាសត្វព្រៃកែវសីម៉ា, ទឹកធ្លាក់កោះញែក, តំបន់ឡើងភ្នំថ្មណា, អណ្តូងស្នេហ៍, តំបន់ទស្សនាភ្នំដោះក្រមុំ, ទស្សនាសមុទ្យឈើ, ទស្សនាភូមិវប្បធម៏ជនជាតិដើមភាគតិច, តំបន់អភិរក្សសត្វដំរីពេជ្យដា, ទស្សនាសួនផ្កាចម្រុះសែនមនោរម្យ, ទឹកធ្លាក់សែនមនោរម្យ, រម្មណីយដ្ឋានចំការការហ្វេរ, តំបន់អភិរក្សព្រៃឈើកែវសីម៉ា, ទឹកធ្លាក់អូតាំងឡាំង, តំបន់ទឹកធ្លាក់ឡាំងឃិន ឡាំងអន, និងតំបន់ទស្សនាមួយចំនួនទៀត៕