រដ្ឋមន្ដ្រីក្រសួងអប់រំ ជំរុញដល់សិស្សានុសិស្ស បង្កើនស្វ័យសិក្សាក្នុងយុគ្គសម័យឌីជីថល

វិទ្យុជាតិដោយលោកស្រី ទុយសូលីដា ២៧.០៤.២០២០

រដ្ឋមន្ដ្រីក្រសួងអប់រំ ជំរុញដល់សិស្សានុសិស្ស បង្កើនស្វ័យសិក្សាក្នុងយុគ្គសម័យឌីជីថល ដើម្បីបង្កើនឱកាសការងារ ដែលពោរពេញដោយភាពប្រកួតប្រជែង នាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ក្នុងបទសម្ភាសន៍ស្តីពី «ការអប់រំតាមបែបឌីជីថល» ថា ក្រសួងបានដាក់ចេញនូវកម្មវិធីសិក្សាថ្មីមួយ គឺសាលារៀនជំនាន់ថ្មី ក្នុងបំណងធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួន ក្នុងតំបន់ និងលើពិភពលោក ។
ឯកឧត្ដមបន្តថា យើងមិនដឹងថាក្នុងកំឡុងពី២០-៣០ឆ្នាំទៅមុខទៀត ទីផ្សារការងារ នឹងប្រែប្រួលទៅជាយ៉ាងណានោះទេ ដោយសារតែបច្ចេកវិទ្យាវិវឌ្ឍន៍លឿន ដូច្នេះយុវជន ត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ ត្រូវមានគុណសម្បត្ដិ មានឥរិយាបទវិជ្ជមាន ហើយសំខាន់បំផុតការសិក្សាពេញមួយជីវិត ។
ឯកឧត្ដម បន្ថែមថា យុវជន យុវតី ត្រូវតែត្រៀមលក្ខណៈសម្បត្ដិឱ្យបានគ្រប់គ្រាន់ ចំពោះទីផ្សារពលកម្មនៅក្នុងយុគ្គសម័យឌីជីថលនេះ ព្រោះថាគឺវាមានការប្រែប្រួលឥតឈប់ឈរ ហើយក៍ត្រូវការជំនាញថ្មីៗបន្ថែមទៀតជាប់ជានិច្ច ។
យុវជនក៍ត្រូវតែពង្រឹងនូវសមត្ថភាពខ្លួនឯង ទាំងសមត្ថភាពស្វ័យសិក្សា សមត្ថភាពក្នុងការស្រាវជ្រាវ សមត្ថភាពក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន ប្រើប្រាស់ឧបករណ៍ឌីជីថល ចេះកុំព្យូទ័រ ចេះទាំងកូដឌិង ចេះទាំងជំនាញផ្សេងៗ ហើយយុវជនត្រូវត្រៀមលក្ខណៈ ចំពោះទីផ្សារពលកម្ម ដែលនិងប្រែប្រួលឥដ្ឋឈប់ឈរ គឺគេត្រូវការនូវជំនាញថ្មីៗ ។
ឯកឧត្តម បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងរបស់យុវជន យុវតីក្នុងយុគ្គសម័យឌីជីថលនេះ ទាមទារឱ្យមានការពង្រឹង និងការគ្រប់គ្រងនៅតាមសាលារៀនផងដែរ។ ពោលគ្រប់សាលាត្រូវកែលម្អវប្បធម៌សាលារៀន ហើយបង្កើនបរិយាកាស «រៀន និងបង្រៀន» ឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦ ។ កម្មវិធីសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងការអប់រំ ទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់នូវឧបករណ៍សិក្សាសម្បូរបែប ៕