ក្រសួងសង្គមកិច្ចបង្កើតសារអប់រំ វិធីបង្ការការពារអនាម័យជំងឺកូវីដ-១៩សម្រាប់ជនពិការទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២៧.មេសា.២០២០៖

ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទាបានបង្កើតសារអប់រំ វិធីបង្ការការពារអនាម័យជំងឺកូវីដ-១៩សម្រាប់ជនពិការទូទាំងប្រទេសដើម្បីបង្កើនការយល់ដឹងនឹងចូលរួមទប់ស្កាត់ជម្ងឺនេះឱ្យមានប្រសិទ្ធិភាព។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា ក្រសួងសង្គមកិច្ចបានបង្កើត វីដេអូស្ពតចំនួន៣ ដែលទាក់ទងនឹងការអប់រំ វិធានការបង្ការ ការពារនិងឆ្លើយតបទៅដល់បងប្អូនដែលមានពិការភាពគរថ្លង់ ត្រូវប្រើភាសាសញ្ញាជាគោល និងសរសេរនូវអត្ថបទទាក់ទងជំនួយស្មារតី ទៅលើការផ្សព្វផ្សាយនេះដែលអាចជួយសង្គ្រោះទៅដល់បងប្អូនពិការភាពគរថ្លង់ នេះជាបទពិសោធន៍នៃប្រទេសចិន។
លោកបានបន្តថា សារអប់រំនេះ បានបង្ហោះតាមប្រព័ន្ធបណ្ដាញ facebook ឬផ្សាយតាមសំឡេងវិទ្យុនិងតាមសហគមន៍ សម្រាប់ជនពិការភាពទូទៅ ដោយផ្តោតសំខាន់លើ ក្បួនខ្នាតអនាម័យ ការប្រើប្រាស់ឧបករណ៍ជំនួយ ដូចជាឈើច្រត់ រទេះរុញ ហើយមុននឹងចាប់កាន់អ្វីមួយត្រូវធនាថាអ្នកនោះមិនមានកូវីដ១៩ មិនមានការជាប់ពាក់ព័ន្ធជាមួយប្រវត្តិពាក់ព័ន្ធជាមួយកូវីដ១៩នោះឡើយដើម្បីកុំឲ្យឆ្លងរីករាលដាល ។
«ចឹងតាមរយៈនេះយើងបានចូលរួមជាមួយរាជរដ្ឋាភិបាល ផងដែរផលិតសារអប់រំសម្រាប់បងប្អូនជនពិការ ដែលធ្វើការនៅរោងចក្រសហគ្រាសឬក៏គាត់កំពុងនៅធ្វើការកន្លែងនេះសាររបស់យើងតើកន្លែងធ្វើការពួកគាត់បង្ការយ៉ាងម៉េច? ចូលរួមយ៉ាងម៉េច រក្សាគំលាតសុវត្ថិភាពយ៉ាងម៉េច ពួកគាត់ធ្វើការរបៀបម៉េច គាត់អាចការពារខ្លួនគាត់ផង គាត់អាចជួយសេដ្ឋកិច្ចជាតិផង។ ជនពិការភាពភ្នែកគាត់ប្រើការស្ដាប់ វិទ្យុមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយទៅដល់ពួកគាត់ បងប្អូនពិការភ្នែកទាំងពីរមិនអាចមើលទូរទស្សន៍បានទេ»។
សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទាទទួលបានកិច្ចសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិនបានជួយផលិតស្ពតដែលចាក់ផ្សាយបានចំនួន ២២ រាជធានីខេត្ត។ ក្រៅពីនេះក៏បានផ្សាយតាមរលកវិទ្យុជនពិការភ្នែកដែលចាក់ផ្សាយនៅចំនួន៥រាជធានីខេត្តបន្ថែមទៀតផងដែរ៕