រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុនមួយចំនួនក្នុងការផលិតម៉ាស់ ខណ:ដែល កម្ពុជាកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស  ថ្ងៃទី២៧  ខែមេសា ឆ្នាំ២០២០៖

រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយក្រុមហ៊ុនមួយចំនួនក្នុងការផលិតម៉ាស់ ខណ:ដែលកម្ពុជាកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩ ដើម្បី ការពារនឹងទប់ស្កាត់ជំងឺនេះអោយមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងឱកាសបើកសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពជំងឺ COVID-19 » នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា បច្ចុប្បន្ននេះទោះបីជាក្រសួងសុខាភិបាល បានព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ១៩ជាសះស្បើយច្រើនក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយបានសហការផលិតម៉ាស់ជាមួយបណ្តាក្រុមហ៊ុននៅក្នុងស្រុកមួយចំនួន ដើម្បីឆ្លើយតបក្នុងករណីណាមួយដែលអាចនឹងផ្ទុះឡើងភ្លាមៗ ។

លោកជំទាវបន្តថា រាជរដ្ឋាភិបាល បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនស្រុក ក្នុងការទិញម៉ាស់ក្រណាត់ ក្នុងគម្រោងទិញចំនួន២លានម៉ាស់ ដើម្បីចែកជូនប្រជាពលរដ្ឋយើង ប្រសិនបើប្រទេសយើងមានការរីករាលត្បាតជាទ្រង់ទ្រាយធំណាមួយ កើតឡើងជាយថាហេតុ។

<< យើងចុះកិច្ចសន្យាជាមួយ ៤ក្រុមហ៊ុន ម៉ាសN៩៥ យើងចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ៣ក្រុមហ៊ុន ២នៅក្នុងស្រុកមួយនៅកំពង់ចាម ១នៅកំពង់សោមតំបន់សេដ្ឋកិច្ចពិសេស និង១ទៀតក្រុមហ៊ុនអន្តរជាតិ រហូតមកដល់សព្វថ្ងៃនេះនៅក្នុងឃ្លាំងយុទ្ធសាស្ត្ររបស់យើង យើងមានម៉ាស់ស្តុករួចជាស្រេច ចំនួន ៨លានម៉ាស់ជាង យើងមាន ម៉ាស់ N៩៥ ចំនួន ៦៨ ម៉ឺនម៉ាស់ហើយ ហើយយើងមាន សម្លៀកបំពាក់ការពារចំនួន ៥០០០ និងខ្នើយ មុងកន្ទេល យើងមាន ៥០០០ ។ ដោយឡែកយើងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនមួយទៀតនៅខេត្តកំពង់ស្ពឺ គឺគាត់ផលិតនៅក្នុងស្រុកសម្រាប់ ២លានម៉ាស់  >> ។

លោកជំទាវ បានបន្ថែមថា ថ្ងៃអាទិត្យទី១ នៃខែឧសភានេះ កម្ពុជានឹងទទួលគ្រប់ចំនួននៅក្នុងឃ្លាំងយុទ្ធសាស្ត្រដែលមានម៉ាស់ចំនួន ១១ លានម៉ាស់ សម្រាប់ម៉ាស់ក្រណាត់គឺទទួលនៅថ្ងៃទី២៨ ខែឧសភា ដូច្នេះសម្ភារៈទាំងអស់ បូករួមទាំងសម្ភារៈវេជ្ជសាស្ត្រ និងសម្ភារៈសម្រាប់ជូនប្រជាពលរដ្ឋនិងពលករ នៅចុងខែឧសភានឹងទទួលចូលគ្រុបផែនការទាំងអស់ ៕