គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលជិត៤ពាន់នាក់នឹងត្រូវដាក់ពង្រាយចាំឃាត់យានយន្តខុសច្បាប់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៧ ០៤ ២០២០៖

 អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គោលដៅ៥៦៨កន្លែង និងកម្លាំងនគរបាលសរុប៣.៩១៩នាក់ នឹងត្រូវដាក់ពង្រាយរង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ចាប់ពីដើមខែឧសភាខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នឿត សាវឿន អគ្គអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាក់ថា គោលដៅអចល័ត៤៣៦កន្លែង និងគោលដៅចល័ត៦៨កន្លែង និងគោលដៅដើមទី៦៤កន្លែង ជាមួយនឹងកម្លាំងនគរបាលចរាចរណ៍៣៥០៧នាក់ និងកម្លាំងសហការចំនួន៤១២នាក់ នឹងត្រូវដាក់ពង្រាយដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភានេះតទៅ។
ជាមួយគ្នានេះ ក៏បានត្រៀមប្រើប្រាស់មធ្យោបាយ ចំនួន៣៦៤គ្រឿង ក្នុងនោះរថយន្ត៦៦គ្រឿងនិង ម៉ូតូ២៩៨គ្រឿង ព្រមទាំងបានត្រៀមរួចជាស្រេចរៀបចំ ទីតាំងរក្សាទុកយាយន្តល្មើសដែលត្រូវឃាត់ទុក និងកែតម្រូវ សម្រាប់ពេលដែលសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ និងផាកពិន័យកើនលើសរហូតដល់៥ដងនាពេលខាងមុខនេះ។
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ នគរបាល នឹងចាប់ផ្ដើមអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីដែលប្រាក់ពិន័យបានតម្លើងពី៣ ទៅ ៥ដង។
យោងតាមអនុក្រឹត្យថ្មីចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា អ្នកជិះម៉ូតូ អត់ពាក់មួកសុវត្ថិភាពពិន័យ៦ម៉ឺនរៀល អ្នកបើកបរឆាបគេពិន័យ១០ម៉ឺនរៀល បើកឡាននិយាយទូរស័ព្ទ ពិន័យ៨ម៉ឺនរៀល ។
ដោយឡែក អ្នកបើកបរយានយន្តក្នុងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលចាប់ពី០,៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផាកពិន័យរួមមានទឹកប្រាក់ចំនួន ១លានរៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន និងផាក២លានសម្រាប់យានយន្តធុនស្រាល ហើយផាក ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់ និងត្រូវបញ្ឈប់មិនឲ្យបន្តដំណើរទៅមុខទៀត ។
មួយវិញទៀត ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្ដងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់ពីការផាកពិន័យអន្តរការណ៍លើកមុន ត្រូវផ្ដន្ទាទោសតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក៕