ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប បង្ហាញនូវបទពិសោធន៍ក្នុងការគ្រប់គ្រង ការ​ចំណាយ ចំណូល​ និងការចំណេញនៅក្នុងដំណើរការសាលារៀន 

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ដោយសារតែមានការសំណូមពរ​ និងការលើកឡើងពីអាណាព្យាបាលរបស់សិស្សានុសិស្ស​ក្នុងអំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ ដោយស្នើសុំឱ្យសាលារៀនមានការចុះថ្លៃ​សិក្សា​ប្រមាណ​​២០ ទៅ៣០ភាគរយ នៅតាម​សាលារៀនឯកជននោះ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន វេស​ឡាញ អេឌ្យូ​ខេសិន គ្រុប បានបង្ហាញនូវបទពិសោធន៍ក៏ដូចជាការរៀប​ចំនូវ​រចនា​សម្ព័ន្ធ​ក្នុង​ការ​គ្រប់​​គ្រង​ទាំងថ្លៃចំណាយ ​ចំណូល និងការចំណេញក្នុងការងារអប់រំនៅក្នុង​សាលារៀន​របស់​វិស័យ​​ឯកជន។

លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិ​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានគូស​បញ្ជាក់​ថា នេះគឺជាបទពិសោធន៍ដែលលោកសូមលើកឡើងពីរចនាសម្ព័ន្ធថ្លៃចំណាយ និងចំណូល​ក្នុងសាលារៀន  ហើយអ្វីដែលលោកលើកនេះជាទស្សនៈ​បុគ្គលតាមបទពិសោធន៍ជាង២០​ឆ្នាំ​ដែលលោកបានគ្រប់គ្រងនិងដឹកនាំការងារអប់រំមកនេះ ហើយវាក៏មិនប្រាកដ​ថាឆ្លុះបញ្ចាំង​គ្រប់​សាលារៀននោះទេ តែភាគច្រើនគឺបែបនេះ។ លោកជឿជាក់ថា នេះគឺអាចជាប្រយោជន៍​សម្រាប់ផ្ដល់ជូនអាណាព្យាបាល សិស្ស និងសាលារៀនទាំងអស់ពិចារណា យល់យោគ អធ្យា​ស្រ័យគ្នា។ លោកប្រធាននាយកប្រតិបត្តិបានលើកឡើងថា ក្នុងចំណូល១០០ភាគរយ ជាទូទៅ​សាលា​រៀននឹងយកមកចំណាយដូចខាងក្រោម៖ ១. បៀវត្សរ៍បុគ្គលិក និងគ្រូបង្រៀន ៤៥ភាគ​រយ ទៅ៥០ភាគរយ។ ២. ថ្លៃអគារ ទឹក ភ្លើង  និងចំណាយរដ្ឋបាលទូទៅ ២០ភាគរយ ទៅ​២៥ភាគរយ។ ៣. ថ្លៃបណ្តុះបណ្តាលបុគ្គលិក និងការស្រាវជ្រាវ អភិវឌ្ឍន៍នានា ប្រហែល៥​ភាគរយ ទៅ១០ភាគរយ។ ៤. ថ្លៃទីផ្សារ  និង ទំនាក់ទំនងសាធារណៈ ប្រហែល៥ភាគរយ។ ៥. ថ្លៃរំលោះ ការប្រាក់ធនាគារ ការបង់ពន្ធនានា ប្រហែល៥ភាគរយ ទៅ១០ភាគរយ។ ៦. អត្រា​ចំណេញប្រហែល១០ភាគរយ  ទៅ២០ភាគរយ។

លោកបានអះអាងថា ក្នុងចំណូល១០០ភាគរយនេះ គឺប្រភពចំណូល៣០ភាគរយ​បានមកពីចំណូលមិនមែនថ្លៃសិក្សាដូចជាអាហារដ្ឋាន ថ្លៃរដ្ឋបាល ថ្លៃឯកសណ្ឋាន ថ្លៃឡាន ថ្លៃសម្ភារសិក្សាជាដើម។ ដូចនេះ ពេលដែលសិស្សឈប់មកសាលារៀន  សាលារៀនភាគ​ច្រើននឹងបាត់ប្រភពចំណូលសឹងទាំងអស់។ លោកបានថ្លែងថា “​អាចនិយាយបានថា​សាលា​រៀន​​នឹងថយ​ចំណូលប្រហែល២០ភាគរយ ឬអាចនិយាយបានថាសាលារៀន​នៅទទួលបាន​ចំណូល​តែ៨០ភាគរយ ប៉ុណ្ណោះពីសិស្សម្នាក់។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩​នេះ អាចនឹងមាន​អ្នកដែលជាអាណាព្យាបាលសិស្ស​ខ្លះផ្អាកការសិក្សាកូនបណ្តោះអាសន្នសិន ជាពិសេស​កុមារ​តូច និងអ្នករៀនភាសាអង់គ្លេស ហើយចំនួនសិស្សបង់ប្រាក់នឹងថយចុះដែរ”។

លោកអប្រធាននាយកប្រតិបត្តិ បានធ្វើការពន្យល់ថា ប្រសិនបើសាលារៀនបញ្ចុះតម្លៃសរុបគ្រប់​សិស្ស​ទាំងអស់ចន្លោះពី២០ភាគរយ ទៅ៣០ភាគរយ នោះសាលារៀននឹងលែងមាន​ប្រាក់​ចំណេញ បានយ៉ាងច្រើនរួចថ្លៃដើម ឬអាចនឹងខាតហើយ។ ទន្ទឹមនេះ សាលារៀនប្រាកដ​ជាត្រូវសុំបន្ទាបបៀវត្សរ៍បុគ្គលិកខ្លះ និងកាត់​ចំណាយមួយចំនួនបន្ថែម ឬត្រូវសុំកម្ចីធនាគារ ឬម្ចាស់ភាគហ៊ុនមកបម្រុងបន្ថែមហើយ។

លោក​ ប៉ិច​ បូឡែន បានបន្ថែមថា “អ្វីដែលខ្ញុំលើកឡើងនេះ គឺឆ្លុះបញ្ចាំងចេញពីប្រភេទ​សាលារៀនដូចសាលារៀនខ្ញុំ និង​សាលារៀនជាច្រើនទៀតដែលខ្ញុំធ្លាប់ប្រឹក្សាយោបល់ និង​គ្រប់គ្រងក្នុងរយៈពេលជាង២០ឆ្នាំ​មកនេះ”។  លោកក៏បានជំរុញឱ្យសាធារណជន អាចសាក​សួរព័ត៌មានបន្ថែមពីក្រុមហ៊ុនសវនកម្មណាមួយក៏បានដែលធ្លាប់និងកំពុងធ្វើសវនកម្មលើក្រុមហ៊ុន Westline Education Group របស់លោក ដូចជាក្រុមហ៊ុន KPMG, Delloite ជាដើម។

លោកបានបញ្ជាក់បន្ថែមថា “សង្ឃឹមថាអ្វីដែលខ្ញុំលើកឡើងនេះអាចជួយជាគំនិត​សម្រាប់​ជាមូលដ្ឋាននៃ ការចរចាគ្នា យល់យោគគ្នា រវាងអ្នកអាណាព្យាបាលសិស្ស សាលា​រៀន និងបុគ្គលិកទាំងអស់”៕

ដោយ រិទ្ធី