ប៉ូលិសទីក្រុងប៊ែកឡាំងចាប់ខ្លួនក្រុមបាតុករជាង ១០០នាក់ ដែលបានបំពានទៅលើការរឹតបន្តឹង​ចំពោះជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — ប៉ូលិសនៅទីក្រុងប៊ែកឡាំងបាននិយាយថា ក្រុមបាតុករជាង ១០០នាក់ត្រូវបានចាប់ខ្លួន​នៅក្នុងរដ្ឋធានីប្រទេសអាល្លឺម៉ង់ពីបទរំលោភលើការរឹតបន្តឹងសម្រាប់ទប់ទល់នឹងមេរោគកូរ៉ូណាវីរុស។

ប៉ូលិសនៅទីក្រុងប៊ែកឡាំងបាននិយាយថា «ការអនុវត្តការងាររបស់យើងនៅ Rosa-Luxemburg-Platz បានបញ្ចប់។ ដោយការបិទផ្លូវនៅជុំវិញនោះ យើងអាចការពារការបង្កើតឡើងឱ្យកាន់តែធំនៅលើទីលាននោះ។ ទោះជាយ៉ាងណា មនុស្សជាច្រើនបាន​រំលោភទៅលើវិធានការរក្សាគម្លាតសម្រាប់ទប់ទបល់នឹងជំងឺកូវីដ-១៩ ហើយមានការចាប់ខ្លួនក្រុមបាតុករជាង ១០០នាក់»។

នៅព្រឹកថ្ងៃនេះ មានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់ដើម្បីតវ៉ាប្រឆាំងនឹងការរឹតបន្តឹងទប់​ទល់នឹងមេរោគឆ្លងកូរ៉ូណាវីរុស។ ការធ្វើបាតុកម្មនេះមានរយៈពេលជាងមួយម៉ោង។

នៅក្នុងទីក្រុងប៊ែកឡាំង ក៏ដូចជានៅប្រទេសអាល្លឺម៉ង់ទាំងមូល ការធ្វើបាតុកម្ម ក៏ដូចជាការជួបជុំជាសាធារណៈណាមួយដែល​មានមនុស្សច្រើនជាងពីរនាក់លើកលែងតែសាច់ញាតិ ត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី ៤ ខែឧសភា។

យោងតាមទិន្នន័យរបស់សកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១៥៦.០០០ករណីដែលត្រូវបានបញ្ជាក់ ហើយចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នេះមានជាង ៥.៨០០នាក់។ នៅក្នុងទីក្រុងប៊ែកឡាំង​មានករណីឆ្លងជាង ៥.៥០០ករណី ដោយក្នុងនោះមានមនុស្សស្លាប់ជាង ១៤០នាក់ត្រូវបានបញ្ជាក់៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)