សេដ្ឋកិច្ច APEC នឹងកាត់បន្ថយត្រឹម ២,៧ភាគរយក្នុងឆ្នាំ​ ២០២០ ដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ — តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ត្រូវបានគេរំពឹងថា ​នឹងប្រកាសពី​ការធ្លាក់ចុះសេដ្ឋកិច្ចចំនួន ២,៧ភាគរយនៅក្នុងឆ្នាំ ២០២០ នេះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។

យោងតាមលេខាធិការដ្ឋាន APEC បានឱ្យដឹងថា នេះជាការធ្លាក់ចុះដ៏សំខាន់បំផុតចាប់តាំងពីអត្រាកំណើនជិតដល់សូន្យកាល​ពីឆ្នាំ ២០០៩ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក។

កាលពីឆ្នាំមុន តំបន់ដែលមានសមាជិក ២១ប្រទេសនេះ មានកំណើនសេដ្ឋកិច្ច ៣,៦ភាគរយ។

យោងតាមរបាយការណ៍ដែលចេញដោយលេខាធិការដ្ឋាន APEC បានឱ្យដឹងថា អត្រាគ្មានការងារធ្វើក្នុងតំបន់នេះត្រូវបានគេ​ប៉ាន់ស្មានថា នឹងកើនឡើងពី ៣,៨ភាគរយពីឆ្នាំ​ ២០១៩ ដល់ ៥,៤ភាគរយក្នុងឆ្នាំ ២០២០ ឬចំនួនកម្មករចំនួន ២៣,៥លាននាក់ទៀត​កំពុងគ្មានការងារធ្វើនៅក្នុងឆ្នាំ ២០២០ នេះ។

ការងើបឡើងវិញនៃសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ជាមួយនឹងកំណើនដែលរំពឹងទុកចំនួន ៦,៣ភាគរយខ្ពស់​ជាងការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកដែលមានចំនួន ៥,៨ភាគរយ។

ការស្ទុះងើបឡើងវិញនេះ គឺអាស្រ័យទៅលើប្រសិទ្ធភាពនៃយន្តការទប់ស្កាត់ដើម្បីជៀសវាងរលកទីពីរនៃការរីករាលដាលនៃជំងឺ​រាតត្បាតកូវីដ-១៩ ក៏ដូចជាវិធានការណ៍ដើម្បីកំណត់សេដ្ឋកិច្ចផងដែរ។

APEC រួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ចិន ហុងកុង ឥណ្ឌូណេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ិកស៊ិកូ នូវែលហ្សេឡង់ ប៉ាពួញូហ្គីណេ ប៉េរូ ហ្វីលីពីន រុស្ស៊ី សិង្ហបូរី តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក និងវៀតណាម៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)