ក្រសួងសុខាភិបាល បានអះអាងថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនរហូតដល់៩៧ភាគរយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ០៤ ២០២០៖

ក្រសួងសុខាភិបាល បានអះអាងថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ កើនរហូតដល់៩៧ភាគរយ ប៉ុន្តែក្រសួងនៅតែទាមទារឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ នៅកម្ពុជា។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ទោះបីជាអ្នកជំងឺកូវីដ១៩នៅកម្ពុជា នារយៈពេលចុងក្រោយនេះ ពុំមានករណីឆ្លងថ្មីមានរយៈពេល២សប្តាហ៍ក៏ដោយ ប៉ុន្តែវានៅតែមានលក្ខណៈផុយស្រួយ ដោយអ្នកជំនាញសុខាភិបាលនិងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវឲ្យពលរដ្ឋ បន្តការប្រុងប្រយ័ត្នឲ្យខ្ពស់ជាងមុនបន្ថែមទៀត ហើយកុំគិតស្រាលៗថាកម្ពុជា មិនអីឲ្យសោះ។

ថ្លែងក្នុងសិន្និសទីសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ២៧ ខែ មេសា នៅក្រសួងសុខាភិបាល ឯកឧត្តមបានឲ្យដឹងថា បច្ចុប្បន្នអ្នកជំងឺកូវីដ១៩គឺបានជាសះស្បើយ ១១៩នាក់ ស្មើនឹង ៩៧ភាគរយ ពោលគឺនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ខណៈដែលអ្នកជំងឺទាំងអស់មានចំនួន ១២២ នាក់ ។ ប៉ុន្តែក្រសួងសុខាភិបាល នៅតែក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំនិងបង្កើនការប្រុងប្រយ័ត្ន ពោល គឺត្រូវពាក់ម៉ាសការពារ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ លាងដៃជាមួយទឹកអាល់កុល និងជេលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ រក្សាចម្ងាយមួយម៉ែត្រកន្លះពីគ្នានៅទីប្រជុំជន  ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនិងទៅសហគមន៍ ។

« ក្រសួងសុខាភិបាលសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើងហាក់បីដូចជាវិលត្រឡប់ មករកការធ្វើដំណើរចល័តដោយសេរី និងវិលមករកជីវភាពប្រចាំថ្ងៃឡើងវិញជាបណ្តើរៗ ដោយខ្វះការប្រុងប្រយ័ត្ននិងការការពារខ្លួន ដូច្នេះក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសូមមេត្តាកុំយល់ច្រឡំថា ប្រទេសកម្ពុជាអស់មានការរាតត្បាតដោយវីរុសកូវីដ១៩ឲ្យសោះ ហើយត្រូវតែនាំគ្នាបន្តទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះជាបន្តទៀត » ។

ឯកឧត្តម ម៉ម ប៊ុនហេង ជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង ព្រោះថាជំងឺកូវីដ-១៩  ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះ ពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ បើគ្មានការចាំបាច់ទេ គួរតែកុំចេញទៅខាងក្រៅ ពិសេសត្រូវកាត់បន្ថយការប្រមូលផ្តុំនានា ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺកូវី១៩ នៅកម្ពុជា ១២២ នាក់ ហើយដោយក្នុងនោះអ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕