រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញដល់ក្រុមហ៊ុនផលិតសរសៃសូត្រនៅខេត្តព្រះវិហារ ប្រើប្រាស់ពលកម្មនៅមូលដ្ឋានឲ្យអស់លទ្ធភាព

 វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសចុះពិនិត្យ និងវាយតម្លៃ ពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំសូត្ររបស់ក្រុមហ៊ុនឆាយណាហ្គ្រេតខល ស្ថិតនៅក្នុងស្រុករវាង ខេត្តព្រះវិហារ បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឲ្យខិតខំពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងបង្កើតរោងចក្រផលិត និងកែច្នៃឲ្យបានទាន់ពេលដើម្បីចូលរួមអភិវឌ្ឍតំបន់នេះឲ្យក្លាយជាតំបន់ឧស្សាហកម្មសរសៃសូត្រនាពេលអនាគត ជាពិសេសបង្កើតការងារ និងប្រើប្រាស់ពលកម្មនៅមូលដ្ឋាននេះឲ្យអស់លទ្ធភាព។ ឯកឧត្តម បានណែនាំឲ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឲ្យក្រុមហ៊ុនទាំងអ្នកធ្វើការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិត ក្នុងកាលៈទេសៈដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសហការឲ្យបានពេញលេញ ជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឲ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច។                សូមបញ្ជាក់ថា តាមរបាយការណ៍របស់លោកនាយកគ្រប់គ្រងទូទៅ បានឲ្យដឹងថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពីរាជរដ្ឋាភិបាលកម្ពុជាតាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៥ ៨៧១ហិកតា ធ្វើការដាំដុះដំណាំកសិ-ឧស្សាហកម្ម ប្រភេទដំណាំសូត្រជាវត្ថុធាតុដើមប្រើប្រាស់ជាប្រយោជន៍សម្រាប់ផលិតសរសៃសូត្រធ្វើខ្សែពួរប្រើក្នុងកប៉ាល់ ផលិតបាវ ជាផលិតផលធន់នឹងទឹកប្រៃ ស្វិតជាប់បានល្អ។ បច្ចុប្បន្នដាំបាន ១ ២០០ហិកតា ក្នុងនោះដាំដំណាំសូត្រនេះបាន ១៨០ហិកតា ដោយប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកចំនួន ៨០នាក់ និងមួយចំនួយធំទៀតធ្វើការម៉ៅ (ជាចំការ និងគិតថ្ងៃ) និងជំនាញការចិន ៩នាក់។ នៅឆ្នាំ២០២១ គ្រោងនឹងបង្កើតរោងចក្រផលិតសរសៃសូត្រ និងកែច្នៃ ហើយពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីបង្កើនបរិមាណបំពេញឲ្យតម្រូវការរោងចក្រ។ ដំណាំសូត្រមានអាយុ ២ឆ្នាំអាចប្រមូលផលបាន ហើយក្នុង ១ឆ្នាំអាចប្រមូលផលបាន ៣ដង ហើយក្នុង១ហិកតា អាចផ្តល់ផលពី ២៥ទៅ៣០តោន ក្នុង៣០ តោនអាចផលិតបានសរសៃសូត្របានចំនួន ៣តោន ហើយក្នុង ១តោនសរសៃសូត្រមានតម្លៃ ១៥០០ទៅ២០០០ដុល្លារ។ លោក បានបញ្ជាក់បន្ថែមថា វាជាប្រភេទដំណាំងាយដាំ មិនរើសដី ត្រូវ ការទឹកតិច ធន់នឹងអាកាសធាតុក្តៅ និងផ្តល់ទិន្នផលខ្ពស់៕