ស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹតបណ្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី១ខែឧសភាតទៅ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៥ ០៤ ២០៖

ស្នងការនគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមអនុវត្តរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកពីថ្ងៃទី១ ខែឧសភា ខាងមុខនេះ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងការបន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញបានឱ្យដឹងថា ការអនុវត្តរឹតបណ្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោកនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ ដោយគ្រប់យានយន្ត ដែលល្មើសច្បាប់ចរាចរណ៍ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ ហើយយកមករក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោករយ:ពេល ៣ថ្ងៃ ដើម្បីជាការប្រមាន ។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមគោរពច្បាប់ ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ក៏ដូចជាការជៀសផុតពីការខាតបង់ក្នុងការផាកពិន័យផងដែរ។
ការអនុវត្ដរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាល ដោយបង្កើនប្រាក់ពិន័យពី៣ទៅ៥ដងចាប់ពេលនេះទៅ ។ អនុក្រឹត្យកែសម្រួលថ្មីនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋមានភាពរាងចាល ហើយចូលរួមអនុវត្តច្បាប់ឱ្យបានទាំងអស់គ្នា ដើម្បីកុំអោយប្រឈមនឹងការផាកពិន័យផ្សេងៗ៕