ក្រសួងមហាផ្ទៃ អំពាវនាវឱ្យពលករដែលត្រឡប់ពីក្រៅប្រទេស ត្រូវចូលរួមបង្កបង្កើនផលដាំបន្លែ និងការចិញ្ចឹមសត្វ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៥ ០៤ ២០៖

មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យពលករ ដែលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសទាំងអស់ ត្រូវចូលរួមធ្វើការ បង្កបង្កើនផលដាំបន្លែ និងចិញ្ចឹមសត្វ បើពុំទាន់មានការងារធ្វើវិញទេនោះ ដើម្បីធ្វើយ៉ាងណាជួយឧបត្ដម ខ្លួនឯង និងទ្រទ្រង់ជីវភាពក្នុងគ្រួសារផងដែរ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ពលករខ្មែរដែលបានធ្វើចំ ណាកស្រុកមកពីក្រៅប្រទេសនានា ដែលកំពុងសម្រាកនៅក្នុងផ្ទះ ដោយប្រឈមអត់ការងារធ្វើនោះ អាចយកឱកាសនេះ ងាកមកដាំដំណាំ បន្លែ ចិញ្ចិមសត្វ ដែលមានដីទំនេរ នៅជុំវិញផ្ទះ និងធ្វើការកែច្នៃផ្សេងៗ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើតប្រាក់ចំណូលក្នុងគ្រួសារ បានមួយកំរិត។
ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ ពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ លោកជំទាវ បានបញ្ជាក់ថា ការបង្កបង្កើនផល ដាំបន្លែ និងការចិញ្ចឹមសត្វនេះ បន្ទាប់ពីរាជរដ្ឋាភិបាល និងប្រទេសជិតខាងបានបិទច្រកព្រំដែន ដើម្បីទប់ស្កាត់ និងការពារឆ្លងរីករាលដាលជំងឺកូវិដ១៩ ។
លោកជំទាវ បានអំពាវនាវឱ្យពលករខ្មែរដែលត្រឡប់មកពីក្រៅប្រទេសទាំងអស់រក្សាភាពអត់ធ្មត់ ដោយរស់នៅក្នុងប្រទេសជាធម្មតាមួយរយៈពេលសិន ខណៈដែលប្រទេសជិតខាងកំពុងប្រឈមការឆ្លងរីករាលជំងឺកូវិដ១៩ខ្ពស់បំផុត ហើយពេលជំងឺនេះស្ងប់ស្ងាត់នោះ រាជរដ្ឋាភិបាលនឹងជួយសម្របសម្រួលក្នុងការដឹកបញ្ជូនពលករ ឲ្យទៅធ្វើការនៅក្រៅប្រទេសវិញស្របច្បាប់ការងារ។
«ហើយបើមានដំណាំរបស់គាត់មានការកើនច្រើនគាត់អាចធ្វើការដោះដូរគ្នាទៅវិញទៅមកដើម្បីរកចំណូលហើយពេលនោះគាត់និងសប្បាយរីករាយក្នុងការរស់នៅ ដែលការឧបត្ថមមួយចំនួនដែលពាក់ព័ន្ធជាមួយនិងអង្ករ ឬតម្លៃទំនិញមិនមានការឡើងថ្លៃឬការខ្វះខាតយើងតែងតែមានការឧបត្ថមជាប្រចាំ បើលក់ក៏មានក្នុងតម្លៃថោក ដែលកំណត់ដោយរាជរដ្ឋាភិបាល ចឹងគិតថាពួកគាត់ពិតជាអាចរស់នៅបាន ចឹងសុំមេត្ដាអតធ្មត់នៅក្នុងកាលៈទេសៈនេះ និងកុំពុះកញ្ជោលជ្រួលស្រាលវិលត្រឡប់ទៅប្រទេសគោលដៅវិញ ដោយសារតែប្រទេសគោលដៅបច្ចុប្បន្ននេះមានអត្រាឆ្លងខ្ពស់ជាងយើងទៀត ចឹងបើគាត់ត្រឡប់ទៅនាពេលនេះ ជួបហានិភ័យខ្ពស់ណាស់ ហើយខាងប្រទេសគេក៏មានការរឹតបណ្ដឹងបិទព្រំដែនដែរ ដោយយើងត្រូវគិតថា ការស្នាក់នៅក្នុងប្រទេសអាចមានរយៈពេលយូរ ចឹងក្នុងរយៈពេលនេះគាត់អាចបង្កបង្កើនផលសម្រាប់ឧបត្ថមខ្លួនបានជាបណ្ដើរៗ» ។
សូមបញ្ជាក់ថា គិតរហូតដល់មកពេលបច្ចុប្បន្ននេះ គឺមានពលករចំណាកស្រុកវិលត្រឡប់មកស្រុកកំណើតវិញមានប្រមាណជាង៨ម៉ឺននាក់ ហើយក៏មានពលករមួយចំនួនបានជួបនឹងបញ្ហាជីវភាពក្នុងគ្រួសារផងដែរ៕