ប្រធានមន្ទីរកសិកម្មខេត្តកំពតអះអាងថាធូរេនកំពតឆ្នាំនេះទទួលទុកបានច្រើនសម្រាប់អតិថិជន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 25,04,2020៖

ប្រធានមន្ទីរកសិកម្មខេត្តកំពតអះអាងថា ធូរេនកំពតឆ្នាំនេះទទួលទុកបានច្រើនសម្រាប់បំពេញតាមតម្រូវការរបស់អតិថិជន ដោយមិនចាំបាច់ឲ្យមានការនាំចូលធូរេនពីប្រទេសជិតខាង ដូចកាលពីមុនទៀតឡើយ ។
លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត បានមានប្រសាសន៍ថា កសិករទូទាំងខេត្ត បានដាំដុះដំណាំធូរេនលើផ្ទៃដីប្រមាណ ១២៣១ហិកតា ដែលក្នុង១ហិកតា ទទួលបានទិន្នផលជាង១៣តោន ដោយដាំដុះតាមបែបធម្មជាតិ ពុំមានប្រើជីគីមីនោះទេ គឺប្រើតែជីធម្មជាតិតែប៉ុណ្ណោះ ដែលមានតំលៃប្រមាណពី៣ម៉ឺន ទៅ៣ម៉ឺន៥ពាន់រៀល ក្នុង១គីឡូក្រាម ។ លោកបានបន្តថា កាលពីឆ្នាំកន្លងទៅ មានកសិករ ឬ ឈ្មួញខិលខូចមួយចំនួន បានធ្វើការបញ្ជាទិញធូរេនពីប្រទេសជិតខាង ដើម្បីយកមក បន្លំលក់រួមគ្នាជាមួយផ្លែធូរេនក្នុងខេត្ត ដែលធ្វើឲ្យអតិថិជន មានការយល់ច្រលំពីគុណភាព និងរសជាតិរបស់ធូរេនក្នុងស្រុក ដោយសារ ធូរេននាំចូលពីប្រទេសជិតខាងមានគុណភាពអន់ជាងធូរេនដែលដាំនៅស្រុកយើង ។
ពីមុនធូរេននៅខេត្តកំពតគឺច្រើនណាស់ មូលហេតុអីបានទុរេននៅខេត្តកំពតខែនេះច្រើន ព្រោះអីមានធូរេនថៃនាំចូល អញ្ចឹងធ្វើឱ្យអ្នកដាំមួយចំនួនឬក៏ឈ្មួញខិលខូចមួយចំនួន យកមកលក់ថាជាធូរេនកំពត ប៉ុន្តែធូរេនកំពតបច្ចុប្បន្ននេះ មិនសូវមាននាំចូលដោយសារបញ្ហាដែលអត់មានការនាំចូល យើងគ្រាន់តែធ្វើប៉ុណ្ណឹង ហើយប៉ុន្តែធុរេនកំពតសព្វថ្ងៃជាក់ស្ដែងបើថាមាន គឺឆ្ងាញ់ ព្រោះដីកំពតវាមានសក្ដានុពលល្អសម្រាប់ដំណាំធូរេន ហើយការដាក់ជីក៏ដោយ គឺប្រើជីកំប៉ុសឬក៏ដីឆៅ ព្រោះធ្វើឱ្យដំណាំធូរេននេះស្រូបជីជាតិសម្រាប់ជីធម្មជាតិនេះបានល្អ ។
លោកបានអំពាវនាវ ដល់អ្នកដាំដំណាំគ្រប់ប្រភេទពិសេសដំណាំធូរេន ត្រូវបន្តធ្វើយ៉ាងណារក្សានូវតំលៃ ក៏ដូចជាគុណភាព ជាចំបង ពិសេសគឺថែទាំដោយប្រើជីធម្មជាតិ ហើយកាត់បន្ថយការប្រើជីគីមី ដែលធ្វើឲ្បប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ពោលគឺធ្វើយ៉ាងណា ឲ្យអតិថិជនមានការជឿទុកចិត្ត និងនៅតែបន្តទិញធុរេនរបស់ខ្មែរយើងទៀត ៕