ក្រសួងសាធារណៈការ បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើង ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៖

ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើវឌ្ឍនភាព គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងធានាឲ្យមានការស្ថាបនាផ្លូវជាតិទាំងនេះ ដំណើរការទៅដោយរលូនបានឆាប់រហ័ស ។
នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្របតាមកំណើនជីវភាពរបស់ប្រជាពលរដ្ឋនិងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះ មានការកើនឡើង ព្រមទាំងវិស័យសេដ្ឋកិច្ចនៅកម្ពុជាមានការរីកចំរើនផងដែរនោះ គឺបានតម្រូវឲ្យមានការចូលរួម វិនិយោគ ទៅលើផ្លូវសាធារណៈ ឲ្យបានកាន់តែច្រើន និងមានគុណភាពផងដែរ ដើម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងការធ្វើផ្លូវនេះ ប្រកបដោយគុណភាព ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញឲ្យមន្ត្រីបច្ចេកទេស ត្រូវធ្វើការតាមដានឱ្យបានដិតដល់ ជាមួយនឹងក្រុមការងារសាងសង់ ត្រូវអនុវត្តគម្រោងបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងកិច្ចសន្យា រក្សាបាននូវគុណភាពផ្លូវថ្នល់នេះ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ត្រូវរាយការណ៍មកក្រសួងរាល់សកម្មភាពរបស់ក្រុមហ៊ុនសាងសង់ នៅពេលជួបការលំបាកអ្វីមួយ ដើម្បីរកនីតិវិធីដោះស្រាយឱ្យបានទាន់ពេលវេលា ក្នុងគោលបំណងឱ្យគម្រោងទាំងនោះប្រព្រឹត្តទៅ និងបញ្ចប់តាមកិច្ចសន្យា ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC ៕