នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ណែនាំឲ្យអ្នកពាក់ព័ន្ធពង្រីកការគាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៖

 នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ណែនាំឲ្យអ្នកពាក់ព័ន្ធពង្រីកការគាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករ ដើម្បីជំរុញការងារកសិកម្ម និងជួយកសិករអោយមានជីវភាពធូរធារ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអាងទឹកសម្រាប់បង្កបង្កើនផល បានណែនាំដល់ភាគីពាក់ព័ន្ធបង្កើនការបណ្តុះបណ្តាលវិស័យកសិកម្មដល់កសិករ ដើម្បីធានាឲ្យពួកគាត់ទទួលបានបច្ចេកទេសនៃការចិញ្ចឹម ការដាំដុះ អោយទទួលបានទិន្នផលល្អ និងជួយដល់វិស័យកសិកម្មនៅក្នុងខេត្តបន្ទាយមានជ័យ អោយមានការរីកចំរើនបន្ថែមទៀត ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានចាត់តាំងជាក្រុមការងារខេត្តចំនួន២ គឺក្រុមការងារកសិកម្មត្រួតពិនិត្យអាងទឹកសម្រាប់បង្កបង្កើនផល ជំរុញការងារខេត្តធ្វើកសិកម្ម និងក្រុមការងារជំរុញមូលនិធិ ក្នុងការជួយគាំទ្រផលិតកម្មកសិកម្មរបស់ប្រជាកសិករនៅខេត្តបន្ទាយមានជ័យ ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា បច្ចុប្បន្ននេះខេត្តបន្ទាយមានជ័យមាន សហគមន៍ដាំបន្លែចំនួនបី គឺ សហគមន៍ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សហគមន៍បន្លែសុវត្ថិភាពរុងរឿង ស្រុកមង្គលបូរី និងសហគមន៍បន្លែបៃតងពង្រកងវ៉ាក្រុងសិរីសោភ័ណ ដោយផ្តល់ទិន្នផលបន្លែបាន២៩០តោន ក្រុមចិញ្ចឹមសត្វទាមានសមាជិករួម៤៧នាក់ ចិញ្ចឹមទាបាន៤២១៩៩៩ក្បាល និងចិញ្ចឹមមាន់បាន១២០០០ក្បាល និងមានប្រភពទឹកអាចប្រើប្រាស់ក្នុងការបង្កបង្កើនផលកសិកម្មចំនួន៧កន្លែង គឺអាងកន្សែង កូនត្រី ជើងគ្រុះ អន្លុងរុត ត្រពាំងថ្ម ស្ទឹងស្រែង និងស្ទឹងសិរីសោភ័ណ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំខេត្ត និងអ្នកពាក់ព័ន្ធដែលបានខិតខំជួយជ្រោមជ្រែង ជំរុញលើកទឹកចិត្តគាំពារសកម្មភាពបំពេញការងារកសិកម្មរបស់ប្រជាកសិករយើង ។
ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំដល់អ្នកពាក់ព័ន្ធទាំងអស់ ឲ្យបន្តត្រួតពិនិត្យអាងទឹកសម្រាប់បង្ករបង្កើនផល និងជំរុញការងារកសិកម្ម ពិនិត្យមូលនិធិផ្តល់ប្រាក់កំចី្ចជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ប្រកបរបរកសិកម្ម ដូចជាបង្កើតសហគមន៍ចិញ្ចឹមមាន់ ទា ត្រី បន្តទៀត ហើយណែនាំអោយមន្ត្រីតាមមន្ទីរ ចុះអប់រំបណ្ដុះបណ្ដាលប្រជាពលរដ្ឋបង្ករបង្កើនផលកសិកម្ម រកបច្ចេកទេសដាំបន្លែគ្មានជាតិគីមី សហការជាមួយដែគូរកទីផ្សារសម្រាប់ទទួលទិញផលិតផលកសិកម្ម ពីប្រជាពលរដ្ឋ និងត្រៀមដើមទុនបម្រុងសម្រាប់ជួយកសិករក្រីក្រ ៕