ក្រសួងប្រៃសណីយ៍បង្ហាញពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ០៤ ២០២០


នៅក្នុងជំនួបសំដែងការគួរសម កាលនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហាញពីផែនការយុទ្ធសាស្ត្រអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ជូនដល់ក្រុមហ៊ុនចំនួន២ គឺក្រុមហ៊ុន China Commun ications Constructions Companyហៅកាត់ថា CCCC និងក្រុមហ៊ុន Huawei ។
ឯកឧត្តម ជា វ៉ាន់ដេត បានជំរាបជូនថា ក្រសួងមានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគម នាគមន៍ ឱ្យកាន់តែល្អ ទាំងគុណភាព វិសាលភាព និងថ្លៃសេវា ដែលមានជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញ ខ្សែ កាប្លិ៍អុបទិកក្រោមបាតសមុទ្រ , បណ្តាញខ្សែកាប្លិ៍អុបទិកឆ្អឹងខ្នង , បណ្តាញខ្សែកាប្លិ៍អុបទិកចែកចាយ , និងមាត់ច្រកអ៊ីនធឺណេតអន្តរជាតិជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងលើប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ជាចំនុចគន្លឹះមួយមិនត្រឹមតែសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ក៏ប៉ុន្តែរួមបញ្ចូលនូវផ្នែកសន្តិសុខជាតិ និងការប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់ក្រុមហ៊ុនទាំងពីរ ឱ្យបន្ថែមការវិនិយោគ និងសហការគ្នា កសាងហេដ្ឋារចនា សម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាឱ្យកាន់ តែទូលំទូលាយ ដើម្បីជាមូលដ្ឋានរឹងមាំមួយក្នុងការកាត់បន្ថយគន្លាតឌីជីថល និងការនាំយកកម្ពុជាចូលទៅក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន CCCC បានបង្កើតតាំងពីឆ្នាំ១៨៩៧ និងបានចុះបញ្ជីលក់ភាគហ៊ុននៅផ្សារមូលបត្រក្រុងសៀងហៃនិងហុងកុង។ CCCCជាក្រុមហ៊ុនធំជាងគេក្នុងពិភពលោកផ្នែកសំណង់ហេដ្ឋា រចនាសម្ព័ន្ធ កំពង់ផែ ផ្លូវ ស្ពាន រួមបញ្ចូលទាំងស្ពានឆ្លងសមុទ្រវែងជាងគេ លើពិភាពលោក ភ្ជាប់ពីទីក្រុងហុងកុងទៅម៉ាកាវ ។ ចំណែកក្រុមហ៊ុន Huawei ក៏បានបញ្ជាក់អំពីគម្រោងជាច្រើនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាផងដែរ ៕