សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អំពាវនាវដល់អាណាព្យាបាលសិស្ស ដែលមានវិបត្តិហិរញ្ញវត្ថុដោយសារជំងឺកូវីដ១៩ ត្រូវទៅដាក់ពាក្យស្នើសុំបញ្ចុះតម្លៃនៅគ្រឹះស្ថានសិក្សារៀងៗខ្លួន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ០៤ ២០២០៖

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា អំពាវនាវដល់មាតាបិតាឬអាណាព្យាបាលសិស្ស ដែលមានវិបត្តិហិរញ្ញវត្ថុ កន្លងមកនេះដោយសារជំងឺកូវីដ១៩ ត្រូវទៅដាក់ពាក្យស្នើសុំបញ្ចុះតម្លៃនៅគ្រឹះស្ថានសិក្សារៀងៗខ្លួន ដើម្បីចូលរួមជួយដោះស្រាយបញ្ហាខ្វះខាតរបស់សាលា ។

យោងតាមសេចក្តីជូនដំណឹងរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានឲ្យដឹងថា កន្លងមក ស្ថានភាពនៃវីរុសកូវីដ១៩ បាននឹងកំពុងតែរាតត្បាតស្ទើរតែគ្រប់វិស័យក្នុងប្រទេសកម្ពុជាយើង ក្នុងនោះគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបានផ្អាកសេវាអប់រំ តាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រហូតមក ។ ក្នុងរយៈពេលផ្អាកនេះ គ្រឹះស្ថានសិក្សាចំនួន១១៣ ដែលជាសមាជិករបស់សមាគម បានជួបប្រទះនូវការលំបាក និងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាត្រូវបន្តការបើកប្រាក់បៀវត្សរ៍ដល់គ្រូនិងបុគ្គលិក បន្តបង់ឈ្នួលអគារ និងបន្តបង់ការប្រាក់និងប្រាក់ដើមធនាគារ ព្រមទាំងការចំណាយជាច្រើនផ្សេងៗទៀត ។ ម្យ៉ាងវិញទៀត សមាជិកសមាគមក៏កំពុងរងនូវផលលំបាកដ៏ធ្ងន់ធ្ងរបន្ថែមទៀត ដូចជា ការធ្លាក់ចុះបរិមាណសិស្ស ការបន្ថយថ្លៃដោយសមាជិកសមាគមដោយខ្លួនឯង និងការស្នើសុំបញ្ចុះថ្លៃរបស់មាតាបិតា និងអាណាព្យាបាលសិស្សបន្ថែមទៀត ។ ការស្នើសុំបញ្ចុះថ្ងៃនោះ ជាលទ្ធផលបានមក ដោយវិជ្ជមាន តាមវិធីឈ្នះៗ ដែលអាចទទួលយកបានទាំងអស់គ្នា ។ ដោយកន្លងមកក៏មានការតវ៉ារបស់មាតាបិតាសិស្សនៅតាមសាលាមួយចំនួន ហើយការតវ៉ានោះ ម្ចាស់គ្រឹះស្ថានសិក្សាអប់រំឯកជន តាំងនោះ ក៏បានចេញសេចក្តីជូនដំណឹងស្តីពីការសម្របសម្រួល ដល់ជីវភាពមាតាបិតា និង អ្នកអាណាព្យាបាលសិស្សបន្តបន្ទាប់រួចហើយដែរ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជឿជាក់យ៉ាងមុតមាំថា មាតាបិតា ឬ អាណាព្យាបាលសិស្ស នឹងចូលរួមដោះស្រាយដោយធ្វើសម្បទានគ្នាទៅវិញ-មក និងដោយភាពអត់ធ្មត់បំផុតតាមវិធីឈ្នះៗទាំងអស់គ្នាដើម្បីឆ្លងផុតដំណាក់កាលលំបាកនេះជាក់ជាពុំខានឡើយ ៕