អជ្ញាធរខេត្តប៉ៃលិនចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

វិទ្យុជាតិកម្ពុុជា៖ញ៉ឹប បូរី ប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមការងារ និងអាជ្ញាមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ មានដូចជា៖ អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រីនិងទឹកស៊ីអីវ ១យួ ត្រីខ ១យួ និងទឹកអាល់កុលលាងសម្អាតដៃ ១ដប ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលលំនៅដ្ឋាន រងគ្រោះដោយសារខ្យល់កន្ត្រាក់ធ្ងន់ធ្ងរ ចំនួន ១៩គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងបានកសាងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយប្រជាពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់ដោយមិនបានដឹង និងមិនបានដោះស្រាយនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ជាក់ស្តែងការចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់បងប្អូនរងគ្រោះនៅពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងការផ្តល់កម្លាំងចិត្ត ដើម្បីចូលរួមចំណែកដោះស្រាយនូវការលំបាករបស់បងប្អូនបានមួយកំរិត ហើយបើទោះបីជាអំណោយទាំងនេះ មិនបានបំពេញតាមតំរូវការរបស់បងប្អូនក៍ពិតមែន តែអាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើនផលការងារកសិកម្ម ក្នុងការលើកកម្ពស់ជីវភាពគ្រួសារអោយបានធូធាឡើង។ ឯកឧត្តម ផាន់ ចាន់ធុល ក៍បានមានប្រសាសន៍ផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនបានឆាប់រហ័ស និងទាន់ពេលវេលា។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរស់នៅមានអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ ហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ ១១៥។
សូមរំលឹកថា៖ កាលពីវេលាម៉ោង ១៦និង៤០នាទី រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ៩៦ ខ្នងផ្ទះ រងការខូចខាត ក្នុងនោះក្រុងប៉ៃលិន ចំនួន ២០ខ្នងផ្ទះ និងស្រុកសាលាក្រៅ ចំនួន ៧៦ខ្នងផ្ទះ៕