ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបសោកស្តាយ ចំពោះការប្រឆាំងរបស់សហរដ្ឋអាមេរិក ចំពោះប្រាក់កម្ចីរបស់ ​IMF សម្រាប់ជួយប្រទេសអ៊ីរ៉ង់ប្រយុទ្ធនឹងមេរោគកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — សហរដ្ឋអាមេរិកបានបដិសេធមិនបន្ធូរបន្ថយទណ្ឌកម្មណាមួយរបស់ខ្លួន ប្រឆាំងនឹង​សាធារណរដ្ឋ អ៊ីស្លាមនោះទេ បើទោះបីជាទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ថា នេះជាការដែលកំពុងរារាំងដល់កិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស ហើយកំពុងកំណត់សមត្ថភាពរបស់ប្រទេសនេះក្នុងការទិញឱសថ និងឧបករណ៍​វេជ្ជសាស្ត្រ។

ប្រធានផ្នែកការទូតរបស់សហភាពអឺរ៉ុប លោក Josep Borrell បានសម្តែងការសោកស្តាយចំពោះការប៉ុនប៉ងរបស់សហរដ្ឋ​អាមេរិកដើម្បីរារាំងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នូវការផ្តល់ប្រាក់កម្ចីដល់ប្រទេស អ៊ីរ៉ង់ដែលជាផ្នែកមួយនៃកម្មវិធីឧបករណ៍ហិរញ្ញវត្ថុ​រហ័ស​ ដែលត្រូវបានបង្កើតឡើងដើម្បីជួយប្រទេសដែលជួបបញ្ហាហិរញ្ញវត្ថុចំពេលដែលជំងឺឆ្លងរាតត្បាត។ លោកបានអះអាងថា សំណើ​របស់អ៊ីរ៉ង់សម្រាប់ប្រាក់កម្ចីនេះគួរតែត្រូវបានទទួលយកដោយ IMF សម្រាប់ហេតុផល «មនុស្សធម៌»។

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបបាននិយាយថា «ខ្ញុំមានការសោកស្តាយ ដែលសហរដ្ឋអាមេរិកកំពុងប្រឆាំង​នឹងមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ក្នុងការធ្វើសេចក្តីសម្រេចចិត្ត។ កើតចេញពីទស្សនៈមនុស្សធម៌ សេចក្តីសម្រេចចិត្តទទួលយកការ​ស្នើសុំនេះគួរតែត្រូវបានធ្វើឡើង» ។

លោក Borrell បានបន្តជំទាស់ថា ក្នុងពេលមានអាសន្នរោគរាតត្បាត ការដាក់ទណ្ឌកម្មមិនគួររាប់បញ្ចូលនូវការទទួលបាន​ជំនួយ និងការផ្គត់ផ្គង់ផ្នែកមនុស្សធម៌ទេ ជាក់ស្តែងយោងតាមការត្អូញត្អែររបស់ប្រទេសអ៊ីរ៉ង់ដែលថា ឧបសគ្គខាងសេដ្ឋកិច្ចដែលដាក់​ដោយសហរដ្ឋអាមេរិកបានកម្រិតសមត្ថភាពរបស់ប្រទេសនេះក្នុងការទទួលបានឧបករណ៍វេជ្ជសាស្ត្រ ដែលជាតម្រូវការដើម្បីប្រយុទ្ធ​ប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺនេះ។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ទណ្ឌកម្មរបស់ខ្លួនមិនកំណត់ការផ្គត់ផ្គង់មនុស្សធម៌ដល់​សាធារណរដ្ឋអ៊ីស្លាមនេះទេ។

សេចក្តីរាយការណ៍របស់ប្រមុខការទូតសហភាពអឺរ៉ុប ត្រូវបានចែករំលែកដោយរដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយថា រដ្ឋាភិបាលប្រទេសរបស់លោកមានភាពវិជ្ជមានចំពោះគំនិតនៃការផ្តល់ប្រាក់កម្ចីរបស់ IMF ដល់ប្រទេសអ៊ីរ៉ង់។ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមិនទាន់ចេញសេចក្តីសម្រេចណាមួយទៅលើសំណើរប្រាក់កម្ចីដែលអ៊ីរ៉ង់បានដាក់ពាក្យកាលពីខែមីនានោះទេ ប៉ុន្តែប្រធានធនាគារកណ្តាលនៃសាធារណរដ្ឋអ៊ីស្លាម លោក Abdolnaser Hemmati បានអំពាវនាវឱ្យ IMF រក្សាភាពមិនលំអៀង៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)