ប្រទេសរុស្ស៊ីមិនមានផែនការនិរទេសជនបរទេសចេញពីប្រទេស ចំពេលដែលកំពុងមានជំងឺរាតត្បាតនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — ប្រធានមន្ទីរកិច្ចការទេសន្តរប្រវេសន៍នៃក្រសួងមហាផ្ទៃរុស្ស៊ី លោកស្រី Valentina Kazakova បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងមហាផ្ទៃនៃប្រទេសរុស្ស៊ីនឹងមិននិរទេសជនបរទេស រឺក៏លុបចោលឯកសាររបស់ពួកគេ​ចំពេល​ដែលកំពុងមានការរីករាលដាលនៃជំងឺឆ្លងមេរោគកូរ៉ូណាវីរុសនោះទេ។

លោកស្រីបាននិយាយថា «គ្មានការនិរទេស និងការបណ្តេញចេញនឹងមិនត្រូវបានធ្វើឡើងក្នុងកំឡុងពេលនេះទេ ឯកសារដែល​មានសញ្ជាតិបរទេសនឹងមិនត្រូវបានលុបចោលនោះទេ»។

លោកស្រី Kazakova បានចង្អុលបង្ហាញថា និយោជកមានសិទ្ធិជួលជនជាតិបរទេសដោយគ្មានការអនុញ្ញាត។ លោកស្រីបាន​បញ្ជាក់ថា «មិនថា ជនបរទេសដែលបានមកដល់ប្រទេសរុស្ស៊ីក្នុងគោលបំណងអ្វីក៏ដោយ ពួកគេមានសិទ្ធិធ្វើការងារដោយគ្មានការ​អនុញ្ញាតក្នុងរយៈពេលចន្លោះពីថ្ងៃទី ១៥ ខែមីនា ដល់ថ្ងៃទី ១៥ ខែមិថុនា»។

យោងតាមមន្រ្តីរូបនេះបានឱ្យដឹងថា ប្រសិនបើជនបរទេសមានទិដ្ឋាការរុស្ស៊ី ពួកគេអាចត្រូវបានជួលស្របតាមច្បាប់សម្រាប់​ការងាររបស់ជនបរទេស។ ប្រសិនបើជនបរទេសដែលមិនត្រូវការទិដ្ឋាការដើម្បីចូលប្រទេសរុស្ស៊ី – ប្រភេទនេះរួមបញ្ចូលទាំងពលរដ្ឋនៃ​ប្រទេសតាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន ម៉ុលដាវី អ៊ុយក្រែន និងអាស៊ែបៃហ្សង់ – ពួកគេអាចធ្វើការនៅប្រទេសរុស្ស៊ីដោយមិនចាំបាច់​ទទួលបានប័ណ្ណការងារនោះទេ បើទោះបីជានិយោជកត្រូវផ្តល់ព័ត៌មានដល់ក្រសួងមហាផ្ទៃក៏ដោយ។

លោកស្រី Kazakova បានសង្កត់ធ្ងន់ថា «វាជាការសំខាន់សម្រាប់យើងដើម្បីស្វែងយល់ថា តើមានជនជាតិបរទេសប៉ុន្មាននាក់​ដែលនៅតែបន្តធ្វើការនៅប្រទេសរុស្ស៊ី ហើយតើមានមនុស្សប៉ុន្មាននាក់បានបាត់បង់ការងារ»៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)