កូរ៉េខាងត្បូង នឹងសហរដ្ឋអាមេរិកធ្វើសមយុទ្ធអាកាសរួមគ្នា​ ដែលជាការព្រមានជាក់ស្តែងដល់កូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីយោធានៅកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធអាកាសរួមគ្នានៅក្នុងសប្តាហ៍នេះ។

យោងតាមមន្រ្តីទាំងនោះបានឱ្យដឹងថា កងទ័ពអាកាសរបស់កូរ៉េខាងត្បូងនឹងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ព​របស់ពួកគេកាលពីថ្ងៃចន្ទ។ សមយុទ្ធនេះនឹងបញ្ចប់ទៅនៅថ្ងៃសុក្រនេះ។

មន្ត្រីកងទ័ពអាកាសកូរ៉េខាងត្បូងម្នាក់បាននិយាយថា «នេះ គឺជាសមយុទ្ធរួមគ្នាប្រចាំឆ្នាំដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យ​ប្រសើរឡើងនូវ​ប្រតិបត្តិការរបស់យើង។ រយៈពេល និងទំហំនៃសមយុទ្ធនេះ គឺប្រហាក់ប្រហែលទៅនឹងសមយុទ្ធកាលពីឆ្នាំមុនៗដែរ»។

យន្តហោះចម្បាំង F-15K និង KF-16 មកពីប្រទេសកូរ៉េខាងត្បូងនិង F-16 មកពីខាងសហរដ្ឋអាមេរិកកំពុងចូលរួមនៅក្នុង​សមយុទ្ធនេះ។

សមយុទ្ធដែលកំពុងបន្តធ្វើនេះ ហាក់ដូចជាការព្រមានដល់កូរ៉េខាងជើង។ សម្ព័ន្ធមិត្តបានពន្យារពេលធ្វើសមយុទ្ធអាកាសរបស់​ពួកគេកាលពីខែវិច្ឆិកា ដើម្បីគាំទ្រដល់ការទូតជាមួយទីក្រុងព្យុងយ៉ាង ដោយសហរដ្ឋអាមេរិកទទូចដល់កូរ៉េខាងជើងឱ្យវិលត្រឡប់មកវិញ​នូវសុឆន្ទៈដោយត្រឡប់ទៅរកកិច្ចចរចានុយក្លេអ៊ែរ     ដែលជាប់គាំង។

ប៉ុន្តែប្រទេសកូរ៉េខាងជើងមិនបានធ្វើអ្វីក្រៅពីការបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េនោះទេ ដោយបានបាញ់គ្រាប់មីស៊ីលចំនួន ៥លើកនៅក្នុងឆ្នាំនេះ ហើយការបាញ់គ្រាប់មីស៊ីលកាលពីពេលថ្មីៗនេះត្រូវបានធ្វើឡើងកាលពីនៅថ្ងៃទី ១៤ ខែមេសា៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)