ប្រទេសវៀតណាមប្តេជ្ញាចាប់ដៃគូជាមួយប្រទេសដទៃ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី២៣ ខែមេសា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយបណ្តាប្រទេសផ្សេងទៀត រួមទាំង​សហរដ្ឋអាមេរិក ក៏ដូចជាអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ។

ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន – សហរដ្ឋអាមេរិកពិសេស ស្តីពីជំងឺកូវីដ-១៩ លោក Minh បានជម្រាបជូនដល់​អ្នកចូលរួមទាំងអស់អំពីវិធានការណ៍ដែលបានអនុវត្តដោយរដ្ឋាភិបាលវៀតណាម និងលទ្ធផលវិជ្ជមាន។

លោកបានសង្កត់ធ្ងន់ថា អាស៊ានបានបង្ហាញនូវការប្តេជ្ញាចិត្តផ្នែកនយោបាយ នឹងបង្កើនកិច្ចសម្របសម្រួលប្រកបដោយស្មារតី​ឆ្លើយតប និងស្អិតរមួត។

លោកបានស្នើថា សហរដ្ឋអាមេរិកអាចផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការក្នុងការសិក្សា នឹងការព្យាបាល​ជំងឺរាតត្បាតមួយនេះ ដោយធានាផលប្រយោជន៍របស់ពលរដ្ឋអាស៊ាន និងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតនេះទៅលើការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច។

មន្ត្រីរូបនេះក៏បានអំពាវនាវផងដែរដល់បណ្តាប្រទេសនានាឱ្យយកចិត្តទុកដាក់លើបញ្ហាទាក់ទងនឹងសន្តិភាព​ សន្តិសុខក្នុង​តំបន់ ស្ថិរភាព សាមគ្គីភាព ការកសាងជំនឿទុកចិត្តគ្នា និងការប្រកាន់ខ្ជាប់នូវការគោរពច្បាប់។

ទាក់ទងនឹងការចែករំលែកនូវការព្រួយបារម្ភទៅលើការវិវត្តដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ រដ្ឋមន្រ្តីការបរទេសមកពីអាស៊ាន និងសហរដ្ឋអាមេរិក បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ ដោយឈានដល់ការព្រម​ព្រៀងលើវិធានការតបវិញ ហើយប្តេជ្ញាថា នឹងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធទៅលើបញ្ហាផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។

ពួកគេបានព្រមព្រៀងគ្នាដើម្បីបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ការសម្របសម្រួលគោលនយោបាយ និងការ​កសាងសមត្ថភាពនាពេលអនាគត។

កិច្ចពិភាក្សានេះក៏បានផ្តោតសំខាន់ទៅលើវិធានការស្តារសេដ្ឋកិច្ចរយៈពេលវែងតាមរយៈភាពជាដៃគូ ស្តីពីការធ្វើឱ្យប្រសើរឡើង​នូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ (PROSPECT) និងការរីកចម្រើនសម្រាប់ទាំងអស់គ្នានៅក្នុងអាស៊ាន តាមរយៈកម្មវិធីច្នៃប្រឌិតបង្កើត​ថ្មី ពាណិជ្ជកម្ម និងពាណិជ្ជកម្មតាមអ៊ីនធឺណេត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)