អាជ្ញាធរខេត្តកំពតជំរុញឲ្យកសិករយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលិតផលកសិកម្ម

វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី 24,04,2020៖

អាជ្ញាធរខេត្តកំពត ជំរុញឲ្យកសិករយកចិត្តទុកដាក់លើការងារបង្កបង្កើនផលស្រូវដើមរដូវ ដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីធានាដល់សន្តិសុខស្បៀង ក្នុងអំឡុងពេលកើតមានជំងឺកូវីដ-១៩ ។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពត បានឲ្យដឹងថា ខាងមន្ទីរ បាននឹងកំពុងឲ្យប្រជាកសិករបង្កបង្កើនស្រូវដើមរដូវ ដោយមកដល់បច្ចុប្បន្នបានប្រមាណ១.៨០០ហិកតា ស្មើនឹង១០,៤៧ភាគរយ នៃចំនួនផ្ទៃដីសរុបប្រមាណ១៧.៥០០ហិកតា ដោយសារវាមានរយៈពេលខ្លី និងឆាប់បានប្រមូលផល ដែលធានាសន្តិសុខស្បៀង ។
លោកបានបន្តថា ទន្ទឹមនឹងការបង្កបង្កបង្កើនផលស្រូវដើមរដូវនេះ កសិករ ក៏បានខិតខំដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វផងដែរ។
«មន្ទីរកសិកម្មទាំងមូល គឺខិតខំជំរុញការដាំបន្លែ សម្រាប់កសិករដែលធ្លាប់ដាំនេះ គឺជំរុញឲ្យបង្កើនការដាំ ហើយគឺយើងបង្កើនក្នុងការធ្វើផ្ទះសំណាញ់ ដើម្បីយើងផលិតបាននូវកន្លែងដែលមានបន្លែសុវត្ថិភាព ដែលមានសមត្ថភាពលក់បានតម្លៃថ្លៃ។ ជារួមកសិករដែលធ្លាប់ដាំបន្លែមានមោទនភាព ដោយសារតែគាត់ធៀបជាមួយនឹងអ្នកដែលទៅធ្វើការនៅរោងចក្រ ឬក៏អ្នកចុះទូកបំរើគេនោះ គឺមិនមានផលល្អដូចការដាំបន្លែនៅក្នុងស្រុកដូចជាគាត់ឡើយ »។
លោកបន្តថា ក្នុងខេត្តកំពត មានលទ្ធភាពចិញ្ចឹមសត្វយកសាច់ បានចំនួនជាង១លាន៧ពាន់ក្បាល គិតជាសាច់១ម៉ឺនតោន ក្នុងចំណោមកសិដ្ឋានចិញ្ចឹមសត្វប្រមាណ១៨កន្លែង ដែលក្នុងនោះមានកសិដ្ឋានចិញ្ចឹមជ្រូក១៣កន្លែង សត្វបក្សីមាន៥កន្លែង ដោយមិនរាប់បញ្ចូលការចិញ្ចឹមលក្ខណៈគ្រួសារឡើយ ។ ដោយឡែក ប្រជាកសិករដាំដុះបន្លែទូទៅមានលើផ្ទៃដីប្រមាណ១០៥០ហិកតា ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តប្រជាកសិករឲ្យយកចិត្តទុកដាក់លើការបង្កបង្កើនផលស្រូវនិងដំណាំរួមផ្សំ ព្រមទាំងពង្រឹងការងារចិញ្ចឹមសត្វនិងវារីវប្បកម្ម ដើម្បីចូលរួមធានានូវតុល្យភាពស្បៀងអាហារ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ បើទោះជានៅពេលនេះសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា នៅមិនទាន់ជាបញ្ហាចោទក្ដី ៕