ធនាគារពិភពលោក៖ ប្រាក់បញ្ញើរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៤ ២០២០៖

ធនាគារពិភពលោក ព្យាករណ៍ថា ប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំងរហូតដល់ប្រមាណជា២០ភាគរយ នៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាលដាលជំងឺកូវីដ-១៩ និងការបិទសកម្មភាពសេដ្ឋកិច្ចសឹងតែគ្រប់ផ្នែកទាំងអស់។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ដែលចេញផ្សាយដោយតំណាងការិយាល័យប្រចាំនៅរាជធានីភ្នំពេញនៅថ្ងៃទី២៤ ខែមេសានេះ បានបញ្ជាក់ថា មូលហេតុនាំឲ្យ មានការធ្លាក់ចុះក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់បង់ការងារ និងប្រាក់បៀវត្សរ៍មុនគេនៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការ ក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើង។
លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា រំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាប និងមធ្យម នឹងស្រុតចុះប្រហែល១៩,៧ភាគរយ គឺសមមូលទៅនឹង៤៤៥ប៊ីលានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុចិញ្ចឹមជីវិតដ៏សំខាន់មួយសម្រាប់គ្រួសារងាយរងគ្រោះ។ លោកបន្តថា ការផ្ញើប្រាក់មកពីក្រៅជាប្រភពចំណូលដ៏សំខាន់សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឱនភាពសេដ្ឋកិច្ចដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះ បង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករក្នុងការផ្ញើលុយទៅផ្ទះ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនពលករដែលធ្វើការក្រៅប្រទេសស្របច្បាប់ចំនួនជាង១លាន២សែននាក់។ ក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើដែលពលករកម្ពុជាផ្ញើមកពីក្រៅប្រទេសសម្រាប់ក្រុមគ្រួសាររបស់ពួកគេ មានសរុបប្រមាណជាង២,៨០ពាន់លានដុល្លារអាមេរិក។
បើតាមការសិក្សារបស់ធនាគារពិភពលោក បានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបានជួយសម្រាលភាពក្រីក្រនៅតាមប្រទេសមានចំណូលទាប និងមធ្យម ដោយធ្វើឲ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ ការដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ ការដោះបំណុលធនាគារ ជាដើម៕