មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង គ្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍២កន្លែងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ យី វិច្ឆិកា ២៤ ០៤ ២០២០៖

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំគ្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ចំនួន២កន្លែងបន្ថែមទៀត សំដៅ ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទៅកម្សាន្តដើម្បីជាប្រយោជន៍បង្កើនប្រាក់ចំណូលដល់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍វិទ្យុជាតិ កម្ពុជាថា សម្រាប់ឆ្នាំ២០២០នេះ មន្ទីរបាននឹងកំពុងធ្វើការសិក្សាតំបន់ទេសចរណ៍ធម្មជាតិដែលមានសក្តានុពលនៅទឹកធ្លាក់បង្គងរនាប និងរមណីយដ្ឋានឯកជនរីសតមួយ នៅក្នុងស្រុកទឹកផុស ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនបន្ថែមទៀត។
លោកបានបន្តថា ខាងមន្ទីរទេសចរណ៍ខេត្តកំពុងតែសិក្សាជាមួយប្រជាសហគមន៍នៅតំបន់ទឹកធ្លាក់បង្គងរនាប ដើម្បីធ្វើផ្លូវចូលទៅកាន់តំបន់កម្សាន្តនោះ ខណៈបច្ចុប្បន្នមានការលំបាកក្នុងធ្វើដំណើរ ។ លោកបញ្ជាក់ថា ក្រោយពេលដែលធ្វើផ្លូវរួចរាល់និងមានភ្ញៀវទេសចរកាន់តែច្រើន ។
សំឡេង៖ «ក្រោយពីការសហការពង្រីកនូវគោលដៅទេសចរណ៍ យើងទទួលបាននូវផលិតផលរំពឹងទុកនូវទី១លំហូរនៃចរន្តភ្ញៀវទេសចរជាតិ ក្នុងស្រុកមិនដាច់យើង និងទទួលបានបរិមាណភ្ញៀវទេសចរកើនឡើង។ ទី២យើងនឹងបានចំណូលទៅប្រជាពលរដ្ឋផ្ទាល់។ នៅឯសហគមន៍ គឺអាចធ្វើឲ្យគាត់មានការលក់ដូរ ផលិតផល បន្លែ ផ្លែឈើនៅក្នុងសហគមន៍ និងអាចបានចំណូលផ្ទាល់ហើយមន្ទីរ និងបានចំណូលភ្ញៀវទេសចរ» ។
លោក អំពាវនាវដល់ប្រជាសហគមន៍នៅតំបន់រមណីយដ្ឋានទាំងអស់នៅក្នុងខេត្ត ដែលលក់ដូរ ម្ហូបអាហារ ទំនិញ សេវាកម្មផ្សេងៗជាដើម ត្រូវលក់តម្លៃសមរម្យ មិនឲ្យថ្លៃហួសហេតុពេក ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរ និងអាចធ្វើឲ្យបាត់បង់ភ្ញៀវទេសចរនិងប្រាក់ចំណូលផងដែរ ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍២៣កន្លែង ហើយរមណីដ្ឋានដែលមានភ្ញៀវទេសចរជាតិចូលចិត្តទៅលេងជាងគេមាន២កន្លែង គឺ រមណីយដ្ឋាន ទឹកធ្លាក់ស្រែអំពិលនិង រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ។ ចំណែកឯភ្ញៀវទេសចរអន្តរជាតិចូលចិត្តទៅលេងច្រើនជាងគេ គឺរមណីយដ្ឋានវត្តពោធិរុក្ខារាម ជិះទូកកម្សាន្តតាមដងទន្លេសាប និងភូមិទេសចរអណ្តូងឫស្សីដែលជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ពីដីឥដ្ឋ ៕