ម៉ាឡេស៊ីរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន៧១នាក់ និងករណីស្លាប់ ២នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង

  អាជ្ញាធរសុខាភិបាលប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា ត្រឹមរយៈពេល២៤ម៉ោងចុងក្រោយនេះបានរកឃើញអ្នកឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ៧១ ករណី និងអ្នកដែលបានបាត់បង់ជីវិតចំនួន ២នាក់បន្ថែមទៀត។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ។

លោកវេជ្ជបណ្ឌិត Noor Hisham Abdullah មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថាអត្រាឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19  នៅទូទាំងប្រទេសស្ថិតនៅក្រោម ១០០នាក់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ខាងលើមានស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់អាយុ ៣២ ឆ្នាំដែលជាមន្ត្រីសុខាភិបាលម៉ាឡេស៊ីទី ៣ ស្លាប់ដោយសារជំងឺ COVID-19។

សូមបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចឲ្យបន្តអនុវត្តបទបញ្ជារឹតត្បិតការធ្វើដំណើររហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ បើទោះបីជាស្ថានភាព COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ហាក់បានធូរស្រាលយ៉ាងណាក្តី៕

ប្រភព៖ សារព័ត៌មាន Channel News Asia