មូលនិធិគន្ធបុប្ផាកម្ពុជាទទួលថវិកាបរិច្ចាគចំនួន៧៧ ៤៤០ ០០០ រៀលនិង១២០ដុល្លារពីបញ្ជាការដ្ឋានកងទ័ពជើងអាកាស

វិទ្យុជាតិកម្ពុជា​៖

មូលនិធិគន្ធបុប្ផាកម្ពុជាទទួលថវិកាបរិច្ចាគចំនួន៧៧ ៤៤០ ០០០ រៀលនិង១២០ដុល្លារពីបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដើម្បីចូលរួមធានានូវការចំណាយប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សាទុម មេបញ្ជាការរងកងទ័ពជើងអាកាស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស កាលពីព្រឹក ថ្ងៃទី២៣ ខែមេសា បានដឹកនាំគណៈប្រតិភូ នាំមកនូវថវិកាបរិច្ចាគប្រចាំឆ្នាំ២០២០ ចំនួន ៧៧ ៤៤០ ០០០ រៀល និង១២០ដុល្លារអាមេរិក ដែលទទួលបានពីសមាជិកគាំទ្រចំនួន១២៤៦នាក់ ដែលជានាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោក នង ពិសិដ្ឋ អនុប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមបរិច្ចាគពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺទឹកចិត្តខ្មែរជួយខ្មែរ ដើម្បីស្នាមញញឹមរបស់កុមារនៅកម្ពុជា ដែលនេះជាកាយវិការគួរឱ្យគោរព និងកោតសរសើរ ទោះបីជាក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងតែមមារញឹកក្នុងការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយុទ្ធពលខេមរភូមិន្ទរបស់យើង មិនបោះបង់កុមារកម្ពុជាចោលឡើយពោលគឺពួកគាត់នៅតែបន្តបរិច្ចាគដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សោម សាទុម ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានរួមចំណែកក្នុងការគាំទ្រដល់ការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌នេះ និងបានសន្យាបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមមធ្យោបាយនានាដែលអាចធ្វើបាន សម្រាប់ឆ្នាំក្រោយៗទៀត។
ឯកឧត្តមលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកការចូលរួមបរិច្ចាគ ឱ្យបានកាន់តែទូលំទូលាយ ទាំងនៅតាមក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ក៏ដូចជាសាធារណជន ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសន្តិភាព ៕អត្ថបទ វ៉ែន សុវុទ្ធី