កម្ពុជាគ្រោងពង្រីកវិស័យទឹកស្អាតនៅទីប្រជុំជនឱ្យបាន១០០ភាគរយនៅឆ្នាំ ២០២៥

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០៖

កម្ពុជាគ្រោង ពង្រីកវិស័យទឹកស្អាតនៅទីប្រជុំជនឱ្យបាន១០០ភាគរយនៅឆ្នាំ ២០២៥ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រកបដោយគុណភាព ប្រើប្រាស់គ្រប់ក្រុមគ្រួសារ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា វិស័យទឹកស្អាត គឺជាវិស័យអាទិភាពមួយបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ មិនថានៅទីប្រជុំជន ឫ នៅតាមជនបទនោះទេ។ បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ទាំងរដ្ឋាករទឹកស្វយ័ត និងក្រុមហ៊ុនឯកជន មានចំនួន ២៩០ ទូទាំងប្រទេស។
ឯកឧត្តម បញ្ជាក់ថា ជាគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង នៅឆ្នាំ២០២៥ ខាងមុខនេះ ការផ្គត់ផ្គង់ទឹកស្អាតដែលចេញពីប្រព័ន្ធបំពង់ទុយោដែលមានប្រព្រឹត្តិកម្មច្បាស់លាស់ ជូនដល់ប្រជាពលរដ្ឋនៅតាមទីប្រជុំជន នឹងសំរេចអោយបាន១០០ភាគរយ នៅទូទាំងប្រទេស។
សំឡេង «ធ្វើយ៉ាងណាអោយទីប្រជុំជនទាំងអស់ នឹងមានទទួលបាននូវទឹកស្អាតប្រកបដោយគុណភាព ប្រសិទ្ធិភាព និង តម្លៃសមរម្យ ដែលជាកត្តាមួយសំខាន់ដែលបន្ថែមទៀត ហើយក៏ដូចយើងជំរុញ និងលើកកម្ពស់បុគ្គលិកមន្រ្តីក្រោមឱវាទអោយទទួលបានចំនេះដឹង និង សមត្ថភាពពាក់ព័ន្ធជាមួយការងារកសាងចំនេះដឹងលើវិស័យទឹកស្អាតអោយកាន់តែទូលំទូលាយថែមទៀត»។
សូមបញ្ជាក់ថា ទឹកស្អាតនៅ កម្ពុជា ជាប់ចំណាត់ថ្នាក់ជាប្រភេទទឹកដែលមានគុណភាពខ្ពស់ ស្នើនឹងទឹកស្អាតដែលនៅ ទីក្រុងតូក្យូប្រទេសជប៉ុន ហើយទឹកដែលចេញពីក្បាលរ៉ូប៊ីណេមក បងប្អូនប្រជាពលរដ្ឋអាចទទួលទានបាន៕