ក្រសួងការងារបន្តធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ

វិទ្យុជាតិកម្ពុជា :ហាន់ ស្រីណា ២៣ .០៤. ២០៖

ក្រសួងការងារបន្តធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលមកបម្រើការងារវិញ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋនិងទប់ស្កាត់អោយបានទាន់ពេលវេលាកុំអោយឆ្លងរាលដាលវីរុសកូវីដ១៩ នៅក្នុងសហគមន៏។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវបានឲ្យដឹងថាក្នុងគោលបំណងការពារសុខភាពបងប្អូនកម្មកររោងចក្រជាង ៩៥ ភាគរយ ដែលបានមកធ្វើការងារធម្មតាអំឡុងពេលបុណ្យចូលឆ្នាំផង ក៏ដូចជាការពារសុខភាពបងប្អូនកម្មកររោងចក្រដែលបានឈប់សម្រាកពេលបុណ្យចូលឆ្នាំផង ក្រសួង បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រួមទាំងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០ មណ្ឌល និងមណ្ឌលចត្តាឡីស័កចំនួន ៣ មណ្ឌល ដើម្បីពិនិត្យសុខភាពកម្មកររោងចក្រដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រ កាលពីថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៨: ០០នាទី មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ៥១៦ នាក់ ក្នុងនោះដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ ថ្ងៃចំនួន ៥០៥នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត ១នៃ វិទ្យាល័យចំពូវ័ន ចំនួន ៦នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័ក កម្រិត២ នៃវិទ្យាល័យជម្ពូវ័ន ចំនួន ៥នាក់ និងយកសំណាក់ទៅពិសោធន៍បន្តចំនួន ៦ នាក់។ទន្ទឹមនឹងនេះក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៦០ នាក់ ក្នុងនោះចេញពីមណ្ឌលចត្តាឡីស័កកម្រិត១ចំនួន ១១នាក់និងកម្រិត២ចំនួន ៤៩នាក់។
ដោយឡែកលទ្ធផលថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២០ គិតត្រឹមម៉ោង ១១:០០នាទីព្រឹកនេះ មានកម្មកររោងចក្រត្រូវពិនិត្យសុខភាពចំនួន ៩៥នាក់ ក្នុងនោះឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃចំនួន ៩៣ នាក់ នឹងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន២ នាក់។