មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានជំរុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 23,04,2020 ៖

មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានជំរុញឲ្យកសិករបង្កើនការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងស្រុក ខណៈបច្ចុប្បន្នកំពុងជួបបញ្ហាជំងឺកូវីដ-១៩។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា តម្រូវការផ្គត់ផ្គង់ក្នុងខេត្តបានគ្រប់គ្រាន់ ខណៈដែលរយៈពេល៩ខែឆ្នាំ២០១៩ តម្រូវការសាច់សត្វក្នុងខេត្ត មានដូចជា សត្វគោ ក្របី មានចំនួនប្រមាណ១៧ម៉ឺនក្បាល ជ្រូកប្រមាណ៦ម៉ឺនក្បាល បក្សី(មាន់ ទា)១៧ម៉ឺនក្បាល និងសត្វផ្សេងៗទៀត ប្រមាណ៤ម៉ឺនក្បាល និងនៅសេសសល់ នាំចេញទៅតាមបណ្តាខេត្តដទៃទៀតផងដែរ ក្នុងនោះ គោក្របី ប្រមាណ១០ម៉ឺនក្បាល សត្វជ្រូក១២ម៉ឺនក្បាល បក្សី(មាន់ ទា)ប្រមាណ ៣២ម៉ឺនក្បាល និងសត្វផ្សេងៗទៀតប្រមាណ៤ម៉ឺនក្បាល។
លោក បានបន្តថា ទោះបីការផ្គត់ផ្គង់ក្នុងខេត្តបានគ្រប់គ្រាន់ និងនៅសេសសល់សំរាប់នាំចេញក៏ដោយ ក៏មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំនិងជំរុញ ដល់ប្រជាកសិករឲ្យបង្កើនការចិញ្ចឹមសត្វបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេល កំពុងមានការរីករាលដាននៃជំងឺកូវីដ-១៩ ។
« ពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩នេះ មន្ទីរកសិកម្មក៏ដូចជាការិយាល័យបសុព្យាបាលសត្វ គឺជំរុញអ្នកឲ្យប្រជាកសិករចិញ្ចឹមសត្វគ្រប់ប្រភេទ ជាពិសេសសត្វជ្រូក សត្វគោ សត្វបក្សី ទៅតាមវិស័យឯកជន ក៏ដូចជាកសិដ្ឋានមួយចំនួន ក៏ដូចជាកសិករដែលគាត់មានចំណាប់អារម្មណ៍លើការចិញ្ចឹមសត្វនេះ គឺផ្ដោតសំខាន់គឺយើងមើលសក្តានុពលរបស់គាត់ ថាតើកន្លែងណាដែលគាត់អាចចិញ្ចឹមបានទី១ និងទី2 គឺយើងអាចផ្ដល់លក្ខណៈបច្ចេកទេសជួយពួកគាត់ ដើម្បីធ្វើឲ្យពួកគាត់មានការងាយស្រួលក្នុងការចិញ្ចឹម » ។
សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងផ្តល់ពូជសត្វ ពិសេសពូជមាន់ដែលមានរយៈពេលខ្លីក្នុងការទទួលផល ព្រមទាំងចំណីសត្វដល់អ្នកចិញ្ចឹមដើម្បីពង្រីកផលិតកម្មសត្វ។ ក្រសួងបានស្តុកសាច់ជ្រូកប្រមាណ ១៣០តោនក្នុងមួយថ្ងៃ សម្រាប់រយៈពេល៣ខែ នៃការរីករាលដានជំងឺកូវីដ-១៩ ខណៈលទ្ធភាពក្នុងការផ្គត់ផ្គង់សាច់សត្វគ្រប់ប្រភេទក្នុងស្រុកសរុបប្រចាំឆ្នាំ មានប្រមាណ២៣៩ពាន់តោន៕