មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានឲ្យដឹងថា ដើមឆ្នាំ២០២០នេះ មានរោងចក្រថ្មីចំនួន៧៧ត្រូវបានបង្កើតឡើងនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៣.៤.២០២០៖

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម បានឲ្យដឹងថា វត្តមានរោងចក្រថ្មីចំនួន៧៧ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងដើមឆ្នាំ២០២០នេះ ដើម្បីរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ជាង៧ភាគរយជារៀងរាល់ឆ្នាំ។
ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅព្រឹកថ្ងៃទី២៣ ខែមេសា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនឹងជានាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និង នវានុវត្តន៍ បានមានប្រសាសន៍ថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ ទោះបីជាកម្ពុជាកំពុងប្រឈមជាមួយនឹងវិបត្តិជំងឺឆ្លង Covid-19 ក៏ដោយ ប៉ុន្តែគម្រោងវិនិយោគ និងបង្កើតរោងចក្រថ្មីចំនួន៧៧បន្ថែមទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចគាំទ្រ និងអនុញ្ញាតឱ្យចាប់ដំណើរការ នៅតាមបណ្តាខេត្ត ក្រុង និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស ។គម្រោងនេះនឹង ផ្តល់ឱកាសការងារប្រមាណ២៧៩០៩នាក់ ស្របពេលដែលរោងចក្រចំនួន៦ ត្រូវបានសម្រេចបិទទ្វារ ឈប់ដំណើរការទាំងស្រុង។
ឯកឧត្តម បញ្ជាក់ថា នៅក្នុងចំណោមរោងចក្រទាំង៧៧ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការនេះ ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍អនុញ្ញាតឱ្យដំណើរការចំនួន៧៤ អនុញ្ញាតដោយ សាលារាជធានីភ្នំពេញចំនួន០១ និងរោងចក្រដំណើរការឡើងវិញ ចំនួន០២។
«យើងឃើញថា ចំនួន៧៧ រោងចក្របានស្នើសុំបង្កើតឡើង ហើយក៏ជាមោទនភាពមួយដែលក្នុងដំណាក់កាលមួយដែលកម្ពុជារបស់យើងនិងទូទាំងពិភពលោក កំពុងជួបប្រទះ បញ្ហាជំម្ងឺកូវីដ១៩ នេះ។ រោងចក្រមួយចំនួនប្រទេសមួយចំនួន គឺខ្វះវត្ថុធាតុដើម សម្រាប់ប្រើប្រាស់ក្នុងបណ្ដារោងចក្រ នេះ ដែលបានបិទរោងចក្រទាំងអស់ ។ប៉ុន្តែកម្ពុជារបស់យើងខុសគ្នាដែលរាជរដ្ឋាភិបាលឲ្យរោងចក្រទាំងអស់ដំណើរការធម្មតា កម្មករទាំងអស់ថ្ងៃចូលឆ្នាំក៏ធ្វើការធម្មតា នេះជាលក្ខណៈពិសេសមួយរបស់ប្រទេសកម្ពុជា ទី១ប្រទេសកម្ពុជាបង្ការបានការឆ្លងរាលដាលនៃជំងឺកូវីដនេះទៅកាន់សហគមន៍ទី ២ អ្វីដែលសំខាន់បំផុត កម្ពុជារបស់យើងមានលក្ខណៈពិសេសមួយមានមិត្តភាពល្អជាបងប្អូនល្អដៃគូល្អជាមួយប្រទេសចិន នៅពេលដែលកម្ពុជាយើងជួបក្នុងការលំបាកពិសេសកង្វះវត្ថុធាតុដើម ចិនផ្ដល់ឲ្យកម្ពុជាជាប្រទេសទី១នៅលើពិភពលោក ដែលផ្ដល់វត្ថុធាតុដើមឲ្យកម្ពុជាយើង ថ្វីត្បិតមិនទាន់គ្រប់គ្រាន់មែន ប៉ុន្តែជាជំហានបន្តបន្ទាប់ទាំងអស់នេះធានាបាននូវនិរន្តរភាព ដំណើរការនៃខ្សែសង្វាក់ផលិតរោងចក្ររបស់កម្ពុជាយើង រោងចក្រមួយចំនួនគេមើលឃើញប្រទេសមួយចំនួនអត់មានវត្ថុធាតុដើមផង ។ប៉ុន្តែកម្ពុជារបស់យើងអាចធានាបាននូវវត្ថុធាតុដើម ដើម្បីដំណើរការរោងចក្រមកបង្កើតថ្មី»។
សូមបញ្ជាក់ថា គិតត្រឹមដើមត្រីមាសទី២ឆ្នាំ២០២០នេះ រោងចក្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ មានចំនួន ១ ៨០១ រោងចក្រ ដែលក្នុងនោះផ្តល់ឱកាសការងារដល់កម្មករ-កម្មការិនី ប្រមាណ ១ ០៦៣ ០៣១ នាក់ ៕