រាជរដ្ឋាភិបាលបង្កើតក្រុមការងារបច្ចេកទេសដើម្បីឆ្ពោះទៅការផ្សាយទូរទស្សន៍ប្រព័ន្ធឌីជីថលនៅឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា៖ស្រីផល 23,04,2020៖

រាជរដ្ឋាភិបាលបង្កើតក្រុមការងារបច្ចេកទេសដើម្បីឆ្ពោះទៅការផ្សាយទូរទស្សន៍ប្រព័ន្ធឌីជីថលនៅឆ្នាំ២០២៣ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាកាន់តែ មានគុណភាពបន្ថែមទៀត ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសូងព័ត៌មាន បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា បង្កើតក្រុមក្រុមការងារបច្ចេកទេស ដើម្បីផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ដែលសមាសភាពនៃក្រុមការងារនេះ មានចំនួន ១៥រូប ដែលឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធាន ។ ឯកឧត្តមបានបញ្ជាក់ថា ការធ្វើទំនើបកម្មការផ្លាស់ប្ដូរនេះមានការចូលរួមសហការពី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។
ឯកឧត្តមបានបន្តទៀតថា ប្រព័ន្ធឌីជីថលនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយ ហើយកំពុងតែត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាព័ត៌មានជំនាន់ទីបួន ហើយការផ្លាស់ប្ដូរនេះ គឺធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយកម្ពុជាកាន់តែមានគុណភាព ទាំងរូបភាពទាំងសំឡេង ហើយវាមានការងាយស្រួលក្នុងការបញ្ជូនរូបភាពកាន់តែរហ័ស និងមានវិសាលភាពកាន់តែទូលំទូលាយ ជាងប្រព័ន្ធដែលធ្លាប់ប្រើពីមុនមក។
ដូចយើងដឹងស្រាប់ហើយថា ប្រព័ន្ធឌីជីថលនេះ គឺជាប្រព័ន្ធបច្ចេកវិទ្យាទំនើបចឹងហើយការផ្លាស់ប្ដូរនេះគឺធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់យើងកាន់តែមានគុណភាព ហើយជាផែនការរបស់ក្រសួង យើងនឹងធ្វើកិច្ចការពីរសំខាន់ ទី១គឺការងារផ្នែកលិខិតបទដ្ឋានគតិយុត្ត ដែលយើងបានជម្រាបជូនចឹង គឺសម្រាប់ការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដែលគាំទ្រដល់ការផ្លាស់ប្ដូរ ពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថល ទី២ គឺ ការងារបច្ចេកទេស ពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរប្រព័ន្ធផ្សាយពីអាណូឡូក ទៅជាឌីជីថលផ្នែកវិទ្យុ និងទូរទស្សន៍ហ្នឹង ចឹងការងារបច្ចេកទេសនិង គឺក្រសួងគ្រោងនឹងរៀបចំដំឡើងនៅបណ្ដាញ នូវការផ្សព្វផ្សាយឲ្យបានគ្រប់ដណ្ដប់នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា ក្រុមការងារបច្ចេកទេស និងរៀបចំបង្កើត ទូរទស្សន៍ឌីជីថលជាតិ ដោយដោះស្រាយបន្ទារហ្វ្រេកង់ ៧០០ MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ប្ដូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធអាណូឡូក ទៅជាប្រព័ន្ធឌីជីថលឱ្យបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ឌីជីថលកម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភពលោក៕