សហរដ្ឋអាមេរិកប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោក John Sullivan បានថ្លែងនៅក្នុង​បទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS និងទីភ្នាក់ងារសារព័ត៌មានផ្សេងៗទៀតរបស់រុស្ស៊ីថា ទីក្រុងវ៉ាស៊ីនតោនបាន​កោតសរសើរចំពោះជំនួយរបស់ទីក្រុងមូស្គូ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា វីរុស ហើយយើងប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយមនុស្ស​ធម៌ដល់ប្រទេសរុស្ស៊ីបន្ថែមទៀតនាពេលអនាគត។

នៅពេលធ្វើអត្ថាធិប្បាយអំពីការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលរុស្ស៊ីបានផ្ញើទៅសហរដ្ឋ អាមេរិក ដើម្បីជួយក្នុងការប្រយុទ្ធ​ប្រឆាំងនឹងជំងឺឆ្លងមេរោគកូរ៉ូណាវីរុសនៅទីក្រុងញូវយ៉ក លោកបានកត់សម្គាល់ថា វាគឺជាលទ្ធផលនៃកិច្ចសន្ទនារវាងប្រធានាធិបតី​ទាំងពីររបស់យើង គឺលោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ពូទីន។

លោក Sullivan បាននិយាយថា «ប្រធានាធិបតី លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋ អាមេរិកប្តេជ្ញាចិត្តក្នុងការប្រយុទ្ធ​ជាសកលប្រឆាំងនឹងជំងឺកូវីដ-១៩។ យើង គឺជាអ្នកចូលរួមវិភាគទានដែលអាចទុកចិត្តបាន នឹងឆ្លើយតបទៅនិងវិបត្តិ នឹងសកម្មភាព​មនុស្សធម៌នៅទូទាំងពិភពលោក ប៉ុន្តែយើងមិនអាចធ្វើវាតែម្នាក់ឯងបានទេ»។ ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះបានចង្អុលបង្ហាញ​ថា «ប្រធានាធិបតី លោក ត្រាំ បានកោតសរសើរយ៉ាងខ្លាំងចំពោះការផ្តល់ជូនពីប្រធានាធិបតី លោក ពូទីន ក្នុងការផ្គត់ផ្គង់នូវ​តម្រូវការចាំបាច់ជាច្រើនដែលត្រូវបានបញ្ជូនទៅទីក្រុងញូវយ៉ក»។

លោក Sullivan បាននិយាយបន្ថែមថា «ប្រទេសទាំងពីរបានផ្តល់ជំនួយមនុស្សធម៌ដល់គ្នាទៅវិញទៅមកក្នុងពេលមានវិបត្តិ​កាលពីអតីតកាល ហើយបានប្តេជ្ញាធ្វើដូច្នេះម្តងទៀតនាពេលអនាគតដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃជំងឺរាតត្បាតកូវីដ-១៩»៕(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)