ព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនិតិកាលទី៦

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ២៣ ០៤ ២០៖

ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលលើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនិតិកាលទី៦នៃរដ្ឋសភា ដែលបានអភិវឌ្ឍន៍ប្រទេស សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋអោយមានការរីកចំរើន។

ឯកឧត្ដម ម៉ម ប៊ុននាង សមាជិក និងអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា គណៈកម្មាធិការព្រឹទ្ធសភាបានកត់សម្គាល់ និងសង្កេតឃើញថា រាជរដ្ឋាភិបាលបានដឹកនាំប្រទេសយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេសការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
ការវាយតម្លៃពីភាពរីកចំរើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនេះ បានធ្វើ ឡើងនៅក្នុងសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៤ នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅព្រឹទ្ធសភាក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភាព។
ក្រោយបញ្ចប់កិច្ចប្រជុំនោះឯកឧត្ដមបានបញ្ជាក់ថា ព្រឹទ្ធសភាបានគាំទ្រ និងលើកទឹកចិត្ដរាជរដ្ឋាភិបាលក្នុងការបង្កើនសកម្មភាព ដើម្បីពន្លឿនសន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ច សង្គមប្រកបដោយបរិញ្ញាប័ន។សំឡេង« ក្រោមពន្លឺនៃកំណែទម្រង់លើគ្រប់វិស័យ ការអនុវត្ដច្បាប់ និងគោលនយោបាយទាំងឡាយនិងប្រព្រឹត្ដិទៅកាន់តែរលូន និងមានសមទ្ធផលកាន់តែល្អប្រសើរ ដើម្បីជាគុណប្រយោជន៍ដល់ការពង្រឹងពង្រីកអភិបាលកិច្ចល្អគណនយ្យភាព តម្លាភាព និងការកសាងកម្ពុជា ប្រកបដោយការអភិវឌ្ឍមានការយូរអង្វែង»។
សូមបញ្ជាក់ថា សម័យប្រជុំលើកទី៤ និងលើកទី៥ គណៈកម្មការនានារបស់ ព្រឹទ្ធសភា នឹងបង្កើនការយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ដោយបានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ននានា និងចុះតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានាដែល រាជរដ្ឋាភិបាលបាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជនយើងនៅទូទាំងប្រទេស៕