ប្រធានរដ្ឋសភាក្រើនរំឭកពលរដ្ឋបន្តការការពារខ្លួនពីជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៣ ០៤ ២០២០៖

ប្រធានរដ្ឋសភាក្រើនរំឭកពលរដ្ឋបន្តការការពារខ្លួនពីជំងឺកូវីដ-១៩ បើទោះបីជាងមួយសប្តាហ៍នេះកម្ពុជាពុំមានករណីឆ្លងថ្មី។
សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៣ ខែមេសានេះ បានសរសេរនៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយការក្រើនរំឭកកុំឲ្យប្រជាពលរដ្ឋធ្វេសប្រហែស និងភ្លេចខ្លួនពីការការពារពីជំងឺកូវីដ-១៩ បើទោះបីជាងមួយសប្តាហ៍មកហើយនេះ កម្ពុជាពុំមានករណីឆ្លងថ្មី។
សម្តេចពញាក្រី ហេង សំរិន មានប្រសាសន៍ថា «សូមបងប្អូន កូនក្មួយទាំងអស់ បន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារខ្លួន កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង ក្រុមគ្រួសារយើង សហគមន៍យើង និងប្រទេសជាតិរបស់យើងទៀត»។ សម្តេចពញាក្រី ក៏បានរំឭកដល់ប្រជាពលរដ្ឋអនុវត្តឲ្យខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖ការធ្វើអនាម័យខ្លួនប្រាណជាប្រចំា ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលលាងដៃ ហើយពេលធ្វើដំណើរត្រូវពាក់ម៉ាស់ និងមិនត្រូវធ្វើការជួបជុំមនុស្សច្រើន។
សម្តេចពញាក្រី ហេង សំរិន បានបន្តថា «បើបងប្អូន កូនក្មួយដឹងថា ខ្លួនមកពីកន្លែងដែលមានការឆ្លងរីករាលដាលជំងឺនេះ ឬបានប៉ះពាល់អ្នកជំងឺនោះ សូមរក្សាខ្លួនដាច់ពីគេរយៈពេល១៤ថ្ងៃ និងបើមានបញ្ហាអ្វីមិនស្រួលសូមទាក់ទងជាបន្ទាន់ទៅកាន់លេខ១១៥»។
សម្តេចពញាក្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភាទាំងអស់ ដែលបានបរិច្ចាគថវិកាចូលរួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធជំងឺកូវីដ-១៩ និងបានចុះអប់រំ ផ្សព្វផ្សាយ ចែកម៉ាស់ អាល់កុល និងសម្ភារមួយចំនួនទៀត ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង និងមានមធ្យោបាយការពារពីជំងឺនេះ។ សម្តេច បានលើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់បន្តសកម្មភាពនេះទៀត ក្នុងការប្រយុទ្ធប្រឆំាងវីរុសផ្លូវដង្ហើមដ៏កាចសាហាវនេះ។
ជាមួយគ្នានេះ ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវវិធានការនានាប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការទប់ស្កាត់ជំងឺនេះទាន់ពេលវេលា៕