កូរ៉េខាងត្បូងទទួលយកនូវសំណើរបស់កម្ពុជា ក្នុងការស្នើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៣ ០៤ ២០២០៖

 ប្រទេសកូរ៉េខាងត្បូង បានទទួលយកនូវសំណើរបស់កម្ពុជា ក្នុងការស្នើសុំឥណទានបន្ថែមសម្រាប់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលមានប្រវែងសរុប១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ភាគីកូរ៉េ បានឯកភាពលើសំណើសុំបន្ថែមឥណទាននេះរួចហើយ ហើយភាគីកម្ពុជាដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យឲ្យបានល្អិតល្អន់លើកំណត់ហេតុនេះ មុននឹងចុះហត្ថលេខានៅថ្ងៃទី២៤ ខែមេសាស្អែកនេះ ដើម្បីត្រៀមរៀបចំដាក់ឲ្យដេញថ្លៃសាងសង់។

ការឯកភាពទទួលយកសំណើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈVideo Conference រវាងក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំដោយឯកឧត្ដម សូរ វ៉ិចទ័រ ដែលជារដ្ឋលេខាធិការ និងមូលនិធិសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងវាយតម្លៃលើសំណើសុំឥណទានបន្ថែមសម្រាប់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។

ឯកឧត្ដម សូរ វ៉ិចទ័រ មានប្រសាសន៍ថា ផ្លូវនេះមានប្រវែងសរុបចំនួន១៥០គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកស្រែអំបិលដល់ទីរួមខេត្តកោះកុង ហើយកន្លងមកត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗ។ ឯកឧត្តម បន្តថា ដោយសារផ្លូវនេះជាច្រករបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពលសម្រាប់ការនាំចេញនាំចូលរវាងកម្ពុជានិងប្រទេសក្នុងតំបន់ រាជរដ្ឋាភិបាលបានសម្រេចពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិនេះពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាផ្លូវក្រាលបេតុងកៅស៊ូ(AC) និងពង្រីកទទឹងផ្លូវពី១០ម៉ែត្រ ទៅ១១ម៉ែត្រ ដើម្បីបង្កើនសកម្មភាពដឹកជញ្ជូនសំដៅរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីកន្លងទៅ បានឲ្យដឹងថាការស្ថាបនាផ្លូវជាតិលេខ៤៨នេះ គម្រោងចំណាយទឹកប្រាក់សរុបជាង៧៥លានដុល្លារអាមេរិក ដែលក្នុងនោះកម្ចីពីរដ្ឋាភិបាលកូរ៉េ៦៧លានដុល្លារ និងថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជាចំនួន៨លានដុល្លារ៕