មាតាបិតានិងអាណាព្យាបាលកុមារតូចៗបន្តជំរុញកូន ៗ រៀនតាមកម្មវិធីសិក្សាពីចំងាយនិងតាមប្រពន្ធ័អេឡិចត្រីនិក របស់ក្រសួងអប់រំ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា ២១.០៤.២០២០៖

មាតាបិតាកុមារតូចៗ បង្ហាញអារម្មណ៍រីករាយ បន្ទាប់ពីក្រសួងអប់រំបង្កើតកម្មវិធីសិក្សា តាមទូរទស្សន៍ ព្រោះបានផ្តល់ភាពងាយស្រួលសំរាប់សិស្សក្នុងការបណ្តុះស្មារតី និងបង្កើនការយល់ដឹងបន្ថែមទៀតដល់កុមារខណៈដែលកម្ពុជាកំពុងការពារការរីករាលដាល់នៃជម្ងឺកូវីដ១៩ ។
មាតាបិតារបស់កុមារតូចៗ បានចូលរួមយ៉ាងសកម្មក្នុងការជួយអប់រំបង្រៀនកូននៅតាមផ្ទះ និងអនុវត្តន៍តាមការបង្រៀនពីចម្ងាយរបស់ក្រសួងអប់រំតាមប្រព័ន្ធអនឡាញ តាមតេជោ ឌីធីវី និងនៅតាមទូរទស្សន៍ ទទក ២ ដើម្បីជំរុញឲ្យកូនៗរបស់ពួកគាត់នៅតែទទួលបានការអប់រំ ហើយមិនភ្លេចការសិក្សា នៅក្នុងដំណាក់កាលផ្អាក ពីការសិក្សាជាបណ្តោះអាសន្ននៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជននៅទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីត១៩ ។ ជាក់ស្តែង អ្នកស្រី ឃិន ខេមរា ជាណាព្យាបាលកុមារតូចម្នាក់ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា លោកស្រីសប្បាយរីករាយដោយសារកូន បានរៀនឡើងវិញ ហើយស្របតាមកម្មវិធីរបស់សាលារដ្ឋ អាចជួយអោយកូនរបស់គាត់ អាចចាប់យកនៅអ្វីដែរថ្មីប្លែក ពីការបង្រៀនតាមអនឡាញ ឬទូរទស្សន៍នេះ ។ លោកស្រីបន្តថា ការសិក្សាបែបទំនើបនេះ វាមានលក្ខណពិសេសត្រង់ថា កូនរបស់គាត់នៅដាច់ដោយឡែកពីសិស្សដទៃ មានភាពស្ងប់ស្ងាត់ក្នុងការរៀន វាងាយស្រួលអោយសិស្សឆាប់ចាប់បាន មិនថាសិស្សនោះខ្សោយឬពូកែនោះទេ ។ ក្នុងនាមលោកស្រីជាម្ដាយម្នាក់ លោកស្រីតែងដាស់តឿនកូនអោយរៀនបានទៀងទាត់ នៅតាមកញ្ជាក់ទូរទស្សន៍ ស្របតាមកម្មវិធីរបស់ក្រសួងអប់រំ និងជំរុញលើកទឹកចិត្តអោយកូនខំរៀន ពេលដែលកូនឃ្លាតឆ្ងាយពីសាលា ។
នៅពេលដែលរៀនចប់រួចរាល់ហើយខ្ញុំអោយកូនអានឡើងវិញ ធ្វើឡើងវិញ ហើយពន្យល់នៅអ្វីដែលគាត់រៀនតាមអនឡាញនិង តើកូនយល់បែបណា អោយគាត់ពន្យល់ត្រលប់មកវិញ ហើយសួរថាកូនយល់អត់ កូនមានកិច្ចការធ្វើអត់ កូនធុញអត់ តើការរៀនតាមអនឡាញនេះកូនចេះអីខ្លះ ចំពោះខ្ញុំជាមាតាខ្ញុំសួរកូនបែបនេះ ។
លោកស្រី បានសំណូមពរដល់អាណាព្យាបាលដ៍ទៃទៀត បង្កើនការយកចិត្តទុកដាក់ចំពោះកូនបន្ថែម ចំណាយពេលអោយបានច្រើននៅជាមួយកាត់តាមដែលអាចធ្វើទៅបាន ពិព្រោះកាលៈទេសៈនេះ ជាពេលមួយដែលកូនត្រូវការ ការជំរុញពីឳពុកម្ដាយ ដើម្បីអោយកូនៗមានពេលវេលាគ្រប់គ្រាន់ ចាប់យកពីការបង្រៀនរបស់ក្រសួងអប់រំ យុវជន និង កីឡា ។
សូមបញ្ជាក់ថា កម្មវិធីការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិច E-Learning» Distance Learning តាម តេជោ ឌីធីវី និង App ក្រសួងព័ត៌មានដែលសហការក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសជាផ្លូវការកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ។កម្មវិធីនេះ បានចាក់ផ្សាយនៅទូរទស្សន៏ជាតិកម្ពុជា TVK 2 ដែលមានតាមប្រពន្ធ័ទូរទស្សន៏ Satellite តេជោ DTV និងតាមរយះប្រពន្ធ័ផ្សព្វផ្សាយ បែបទំនើប App ក្រសួងព័ត៌មាន រួមទាំង ទូរទស្សន៍ខ្សែកាប រាជធានី ខេត្ត ដោយបាន ផ្សាយចាប់ពីម៉ោង ៧ព្រឹកតទៅ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ ៕