ប្រជាសហគមន៍ ឃុំត្បូងក្រពើបានចាប់ផ្តើមដាំបន្លែបង្ការក្រោយពេលរដូវចូលឆ្នាំថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២២.៤.២០២០៖

ប្រជាសហគមន៍ ឃុំត្បូងក្រពើ បានចាប់ផ្តើមដាំ បន្លែបង្ការក្រោយពេលរដូវចូលឆ្នាំថ្មី ដើម្បីជួយបង្កើនជីវភាពក្រុមគ្រួសារនិងផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុក។
លោក គៀង សេងគី ប្រធានក្រុមបឹក្សា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងថា ក្នុងបរិបទកូវីដ១៩នេះ ក្រុមការងារជំនាញរបស់មន្ទីរកសិកកម្មខេត្តបានបន្តចុះអប់រំណែនាំអោយប្រជាកសិករបង្កើនដាំ បន្លែបង្ការណាដែលត្រូវការទឹកតិច ដើម្បីជួយផ្គត់ផ្គង់នៅក្នុងសហគមន៍ ខណៈដែលការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងមានការរឹតត្បិត។ ពាក់ពន្ធ័នឹងបញ្ហានេះ លោក បានបន្តថា ប្រជាកសិករ ក៏បានបង្វែរ ពីការធ្វើស្រូវ ដែលប្រើប្រាស់ទឹកច្រើន មកដាំដុះបន្លែសុវត្ថិភាពជំនួសវិញ ដោយមិនទុកដីអោយទំនេរឡើយ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។
«សហគមន៍នៅឃុំត្បូងក្រពើទាំងមូលក្រោយពីរដូវចូលឆ្នាំ ឥឡូវនេះបើការពិតទៅយើងទទួលបានភ្លៀងបាន២មេក្រោយពីការចូលឆ្នាំ គាត់ចាប់ផ្ដើមធ្វើស្រែចម្ការធម្មតាដោយមិនមែនការនៅក្នុងផ្ទះទេ។ គាត់បានចេញធ្វើការធម្មតាប៉ុន្តែមិនមានការជួបជុំគ្នាច្រើននោះទេ។ គាត់ទៅតាមវាលស្រែ ម្នាក់ៗខ្លួនគាត់ អត់មានការជួបជុំទេ សង្កេតឃើញថាការរស់នៅរបស់ប្រជាពលរដ្ឋ ដូចជាមានស្ថានភាពធម្មតា ប៉ុន្តែនៅឃុំសហគមន៍នេះប្រជាជនចំណាកស្រុកបានទៅធ្វើការនៅតាមរោងចក្រផ្សេងៗ ពេលដែលប្រកាសរបស់រាជរដ្ឋាភិបាលមក ឃុំរបស់គាត់មិនមានអ្នកចូលមកទេ ពួកគាត់ស្ដាប់របស់រាជរដ្ឋាភិបាលនៅដោយឡែក»។
លោក បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា បានងាកមកគាំទ្របន្លែក្នុងស្រុកជាងបន្លែនាំមកពីខាងក្រៅ ដោយពួកគាត់យល់ថាបន្លែក្នុងស្រុកមានសុវត្ថិភាពជាង ហើយជួយធ្វើឲ្យប្រជាកសិករមានប្រាក់ចំណូលប្រចាំថ្ងៃ ពីការដាំបន្លែបង្ការ ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចផ្អាកនាំចេញ អង្ករ ស្រូវ ត្រីនិងត្រីកែច្នៃគ្រប់ប្រភេទ ទៅក្រៅប្រទេស៕