ក្រសួងអប់រំ ប្រកាសដាក់ឲ្យដំណើរការកម្មវិធីអប់រំពហុភាសាបង្រៀនតាមវិទ្យុផ្សាយសំឡេងរបស់ខេត្តរតនគិរី និងមណ្ឌលគិរី សម្រាប់កម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៣

វិទ្យុជាតិកម្ពុជា៖ ស្រីផល 22,04,2020៖

ក្រសួងអប់រំ ប្រកាសដាក់ឲ្យដំណើរការកម្មវិធីអប់រំពហុភាសា បង្រៀនតាមវិទ្យុផ្សាយសំឡេង របស់ខេត្តរតនគិរី និងមណ្ឌលគិរី សម្រាប់កម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដើម្បីឲ្យសិស្សានុសិស្ស ទទួលបានការអប់រំប្រកបដោយសមធម៌ និងបរិយាប័ន្ន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កម្មវិធីអប់រំពហុភាសាតាមស្ថានីយវិទ្យុផ្សាយសំឡេងរបស់ខេត្តរតនគីរី និងមណ្ឌលគីរីនេះ គឺសម្រាប់សិស្សកម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ របស់កម្មវិធីអប់រំពហុភាសា ជាភាសាទំពួន និងគ្រឹងក្នុងខេត្តរតនគិរី និងជាភាសាព្នងក្នុងខេត្តមណ្ឌលគិរី ហើយការផ្សាយនេះមន្ទីរអប់រំ បានរៀបចំនិងជ្រើសរើសយកពេលវេលាសម្រាប់ផ្សាយ តាមតម្រូវការជាក់ស្តែងរបស់សហគមន៍។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា កម្មវិធីអប់រំពហុភាសានេះ គឺជួយដល់សិស្សជនជាតិដើមភាគតិច ដែលនៅក្នុងខេត្តទាំងទាំងពីរនេះ ទទួលបានការអប់រំ និងជាស្ពានចំលងពីភាសារបស់ជនជាតិខ្លួន មកជាភាសាខ្មែរវិញ។
តាមកម្មវិធីរបស់ក្រសួងអប់រំ គឺយើងមានសាលាពហុភាសានិងប្រមាណជា៨០ សាលាពហុភាសាហ្នឹងបង្រៀន៥ភាសា ហើយបង្រៀនទៅតាមថ្នាក់ មានន័យថាដំបូង៣០%គឺបង្រៀនជាភាសាខ្មែរ និង៧០%បង្រៀនជាភាសាជនជាតិ៥ភាសាហ្នឹង ហើយបន្ទាប់មកទៀតឆ្នាំទី២ បង្រៀន៤០-៦០ រួចទៅ៧០-៣០ ហើយឆ្នាំទី៤គឺត្រូវរៀនភាសាខ្មែរទាំងអស់តែម្តង។ ដូច្នេះយើងបានប្រើប្រាស់កម្មវិធីវិទ្យុនិង ដើម្បីចាក់មេរៀនទៅតាមកម្រិតថ្នាក់ ហើយទៅតាមភាសា ដើម្បីផ្សព្វផ្សាយទៅដល់ជនជាតិដើមភាគតិចយើង ដោយសារតែវិទ្យុនេះជាវិទ្យុនៅតាមខេត្តនីមួយៗ ដូច្នេះគឺត្រូវការឱ្យឪពុកម្ដាយជួយទៅដល់កូន ដើម្បីកំណត់ពេលកម្មវិធីចាក់ទូទស្សន៍ហ្នឹង ហើយទៅតាមពេលម៉ោង ទៅតាមមេរៀននីមួយៗហ្នឹងតែម្តង។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងបង្រៀនដល់សិស្សជនជាតិដើមភាគតិច នៅខេត្តរតនគីរី និងមណ្ឌលគីរី តាមស្ថានីយវិទ្យុផ្សាយសំឡេងរបស់ខេត្តនីមួយៗ រយៈពេល៣ ខែចាប់ពីខែមេសាដល់ខែមិថុនាឆ្នាំ២០២០ ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក៏ដូចជាផ្ដល់ឱកាសដល់កុមារសិស្សានុសិស្សទទួលបានការសិក្សាផងដែរ។