លោក ត្រាំ បដិសេធសំណើរបស់កូរ៉េខាងត្បូងអំពីថវិកាបដិភាគទៅលើវិស័យការពារជាតិ

AKP ភ្នំពេញ  ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបដិសេធ​សំណើរបស់កូរ៉េខាងត្បូងអំពីថវិកាបដិភាគសម្រាប់ការចំណាយទៅលើវិស័យការពារជាតិ ពីព្រោះប្រទេសនេះជាប្រទេសអ្នកមាន ហើយគួរតែបង់ប្រាក់សម្រាប់ភាគរយដ៏ធំនៃអ្វីដែលយើងកំពុងធ្វើនៅទីនោះ។

លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយស្តីពីមេរោគកូរ៉ូណាវីរុសពីសេតវិមានថា «ពួកគេបានផ្តល់ឱ្យយើង​នូវចំនួនទឹកប្រាក់ជាក់លាក់មួយ ហើយខ្ញុំបានបដិសេធវា» ដោយសំអាងទៅលើកិច្ចចរចារដែលជាប់គាំង ស្តីពីវិធីចែករំលែកការចំណាយ​សម្រាប់ការថែរក្សាកងទ័ពសហរដ្ឋអាមេរិកប្រមាណ ២៨.៥០០នាក់ដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូង។

លោក ត្រាំ បាននិយាយថា «ខ្ញុំគ្រាន់តែនិយាយថា វាមើលទៅអ្នកដឹងហើយយើងកំពុងបម្រើសេវាកម្មដ៏អស្ចារ្យ។ យើងមាន​អារម្មណ៍អស្ចារ្យ និងមានទំនាក់ទំនងដ៏អស្ចារ្យជាមួយគ្នា ប៉ុន្តែយើងត្រូវតែត្រូវបានគេគោរពដោយស្មើភាព និងយុត្តិធម៌»។

កាសែតកូរ៉េខាងត្បូងមួយបានរាយការណ៍នៅមុននេះថា សហរដ្ឋអាមេរិកអាចពិចារណាកាត់បន្ថយកម្រិតកងទ័ពនៅកូរ៉េខាង​ត្បូង ដែលជាមធ្យោបាយមួយដើម្បីដាក់សម្ពាធទីក្រុងសេអ៊ូលក្នុងកិច្ចចរចាអំពីការចំណាយទៅលើវិស័យការពារជាតិ។

លោក ត្រាំ បាននិយាយថា បញ្ហានេះមិនមែននិយាយអំពីកម្រិតកងទ័ពទេ ប៉ុន្តែតើទីក្រុងសេអ៊ូលនឹងអាចបង់ប្រាក់ប៉ុន្មាន។

លោកបាននិយាយថា «វាមិនមែនជាបញ្ហានៃការកាត់បន្ថយនោះទេ។ វាជាសំណួរថា តើពួកគេនឹងចូលរួមចំណែកក្នុងការ​ការពារប្រទេសរបស់ខ្លួនដែរឬទេ?

របាយការណ៍ព័ត៌មានកាលពីពេលមុននេះបាននិយាយថា លោក ត្រាំ បានច្រានចោលសំណើរបស់ទីក្រុងសេអ៊ូលក្នុងការបង្កើន​ការចូលរួមចំណែករបស់ខ្លួនចំនួន ១៣ភាគរយ ដោយធ្វើឱ្យប្រទេសទាំងពីរស្ថិតក្នុងភាពជាប់គាំងក្នុងកិច្ចចរចាដើម្បីបន្តកិច្ចព្រមព្រៀងអំពី​ថវិកាបដិភាគរបស់ពួកគេ ដែលគេហៅថា កិច្ចព្រមព្រៀងវិធានការពិសេស។

ក្រោមកិច្ចព្រមព្រៀងដែលមានរយៈពេលមួយឆ្នាំចុងក្រោយនេះ ទីក្រុងសេអ៊ូលយល់ព្រមចំណាយថវិកាចំនួន ៨៧០លានដុល្លារ អាមេរិក។

លោក ត្រាំ បាននិយាយថា «យើងស្នើសុំឱ្យពួកគេបង់ប្រាក់នូវចំនួនភាគរយដ៏ធំមួយនៃអ្វីដែលយើងកំពុងធ្វើ។ វាមិនយុត្តិធម៌​ទេ»។ យើងកំពុងការពារប្រទេសដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសដែលមានទ្រព្យសម្បត្តិច្រើន។ ពួកគេបង្កើតទូរទស្សន៍របស់យើង។ ពួកគេផលិតនាវា។ ពួកគេផលិតអ្វីៗគ្រប់យ៉ាង ហើយខ្ញុំសូមផ្តល់ការកោតសរសើរដល់ពួកគេ»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)