វៀតណាមផ្តល់ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្តដល់ប្រជាជនឡាវ

AKP ភ្នំពេញ  ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — កាលពីថ្ងៃទី២១ ខែមេសា សមាគមមិត្តភាពវៀតណាម – ឡាវ បានផ្តល់ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ ដើម្បីជួយប្រជាជនឡាវ ជាពិសេសក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ដែលបានចូលរួមដោយផ្ទាល់ក្នុងការបង្ការ និងប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនង និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម – ឡាវ លោក Nguyen Manh Hung បានប្រគល់អំណោយនេះដល់សមាគមមិត្តភាពឡាវ – វៀតណាម តាមរយៈស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ។

គ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រនោះរួមមាន ឈុតការពារចំនួន ៥០០ឈុត និងរបាំងបិទមុខចំនួន ១៨.៥០០ ដោយក្នុងនោះមាន​របាំងបិទមុខវេជ្ជសាស្ត្រចំនួន ១៧.៥០០ និងសម្លៀកបំពាក់របាំងការពារមេរោគចំនួន ១.០០០ ។

ថ្លែងក្នុងពិធីប្រគល់នោះ លោករដ្ឋមន្រ្តី Hung បាននិយាយថា អំណោយនេះបើទោះបីជាមានចំនួនតិចតួចក្តី ក៏បានឆ្លុះបញ្ចាំង​យ៉ាងជ្រាលជ្រៅនូវមនោសញ្ចេតនារបស់សមាជិកសមាគមមិត្តភាពវៀតណាម – ឡាវ ចំពោះប្រជាជនឡាវ ដោយរួមចំណែកលើក​កម្ពស់សាមគ្គីភាពពិសេសរវាងប្រជាជាតិទាំងពីរ និងបញ្ជាក់អំពីការប្តេជ្ញាចិត្តកាន់ដៃគ្នាជម្នះការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត​កូវីដ-១៩ ។

លោកបានបង្ហាញជំនឿថា ទោះបីមានការលំបាកទាំងនោះក៏ដោយ ក៏ប្រទេសទាំងពីរនឹងជំរុញយ៉ាងសកម្មនូវបុព្វហេតុនៃការ​អភិវឌ្ឍវិស័យសំណង់ និងការពារជាតិ ដើម្បីទទួលបានសមិទ្ធិផលកាន់តែធំសម្រាប់សុភមង្គល និងវិបុលភាពរបស់ប្រជាជនរបស់ប្រទេស​ទាំងពីរ។

សម្រាប់ភាគីឡាវ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngboungnuang បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះប្រជាជនវៀតណាម និងសមាគមមិត្តភាពវៀតណាម – ឡាវ ចំពោះការស្រឡាញ់ដ៏មានតម្លៃដែលបានផ្តល់ដល់​ប្រជាជនឡាវ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)