កម្ពុជានៅសល់អង្ករក្នុងស្តុកដែលអាចផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ០៤ ២០២០៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ផលស្តុកអង្ករសរុបនៅទូទាំងប្រទេសកម្ពុជានៅអាចផ្គត់ផ្គង់បានរហូតដល់៦ខែទៀត ក្នុងកាលៈទេសៈពិភពលោកជួបវិបិត្តសន្តិសុខស្បៀងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។
ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលស្តុកអង្ករសរុបមាននៅតាមឃ្លាំង រោងម៉ាស៊ីនកិនស្រូវ តាមសហគមន៍ និងនៅតាមផ្ទះប្រជាជន ដោយមិនរាប់បញ្ចូលកន្លែងលក់អង្ករក្នុងពេលបច្ចុប្បន្ននៅសល់ប្រហែលជាង១លាន៥សែនតោន ដែលចំនួននេះអាចផ្គត់ផ្គង់បានរហូតដល់៦ខែទៀត ខណៈការបង្កបង្កើនផលស្រូវវស្សារបស់កសិករចាប់ផ្តើមជាបណ្ដើរៗដោយបានជិត២ម៉ឺនហិកតា ទន្ទឹមនឹងការប្រមូល ផលស្រូវប្រាំងនៅតាមបណ្តាខេត្តមួយចំនួន ក៏បាននឹងកំពុងបង្ហើយនៅចុងរដូវនេះ ដើម្បីឈានទៅចាប់ផ្តើមស្រូវដើមរដូវឡើវិញ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឯកឧត្តម បានពន្យល់ថា ក្នុងរយៈពេល៦ខែខាងមុខនេះ ការផ្គត់ផ្គង់អង្ករក្នុងស្រុកត្រូវការតែក្នុងបរិមាណប្រហែល១លាន១សែនតោនប៉ុណ្ណោះ ចំណែកសល់៤សែនទៀត គឺជាប្រភេទអង្ករ ក្រអូបដែលត្រៀមនាំចេញទៅទីផ្សារបរទេស។ ឯកឧត្តម បានបន្តថា ផលស្តុកអង្ករនៅក្នុងប្រទេសកម្ពុជា ពុំចោទជាបញ្ហាខ្វះស្បៀង ក្នុងកាលៈទេសៈកម្ពុជា ក៏ដូចជាពិភពលោកជួបវិបិត្តដោយការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីចុងខែមីនា ឆ្នាំ២០២០ បានប្រកាសថា រាជរដ្ឋាភិបាលទម្លាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជាពលរដ្ឋមករក្សាទុកក្នុងតម្លៃសមរម្យ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជា ស្របពេលប្រទេសជាតិកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩៕