នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យមានការធ្វើអធិការកិច្ចទៅលើការនាំចេញអង្ករ

AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានស្នើទៅអធិការដ្ឋានរបស់រដ្ឋាភិបាល​ឱ្យធ្វើអធិការកិច្ចទៅការនាំចេញអង្ករក្នុងរយៈពេលថ្មីៗនេះ។

នៅក្នុងសារដែលបានផ្ញើទៅអធិការដ្ឋានកាលពីថ្ងៃទី ២០ ខែមេសា លោកនាយករដ្ឋមន្ត្រី Phuc បាននិយាយថា លោកចង់​បញ្ជាក់ឱ្យច្បាស់ ប្រសិនបើមានសញ្ញានៃសកម្មភាពកេងចំណេញ និងអវិជ្ជមាននៅក្នុងការនាំចេញអង្ករ ក៏ដូចជាព័ត៌មានរបស់បណ្តាញ​សារព័ត៌មានដែលឆ្លុះបញ្ចាំងអំពីភាពសាធារណៈ និងតម្លាភាពទាក់ទងនឹងនីតិវិធីគយ សម្រាប់ការនាំចេញអង្ករ។

លទ្ធផលនៃការធ្វើអធិការកិច្ចនេះត្រូវតែបំពេញឱ្យចប់សព្វគ្រប់ ហើយដាក់ជូននាយករដ្ឋមន្ត្រីនៅខែមិថុនាខាងមុខនេះ។

ចាប់ពីពេលនេះរហូតដល់ខែមិថុនា ការនាំចេញអង្ករនឹងប្រព្រឹត្តទៅដូចធម្មតាបន្ទាប់ពីមានសំណើររបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Tuan Anh ដើម្បីអនុញ្ញាតិឱ្យនាំចេញអង្ករក្នុងបរិមាណចំនួន ៤០០.០០០តោនក្នុងមួយខែ សម្រាប់ខែមេសា និងខែឧសភា។

កាលពីថ្ងៃទី ២០ ខែមេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានស្នើសុំការផ្គត់ផ្គង់អង្ករចំនួន ១០០.០០០តោនពីកូតា ខែឧសភាដល់អ្នកនាំចេញអង្ករ ដែលមានទំនិញជាប់គាំងនៅតាមកំពង់ផែ ប៉ុន្តែមិនអាចបើកការប្រកាសពន្ធគយ​នៅក្នុងខែមេសាទេ។

សំណើនេះត្រូវបានចេញផ្សាយនៅក្នុងកិច្ចប្រជុំរវាងឧបនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធដែលបានរៀបចំឡើងនៅទីក្រុង​ហាណូយ ដើម្បីពិភាក្សាអំពីការនាំចេញអង្ករចំពេលដែលមានគ្រោះមហន្តរាយនៃជំងឺកូវីដ-១៩ គ្រោះរាំងស្ងួត និងការឈ្លានពានទឹកប្រៃ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)