រាជរដ្ឋាភិបាលចាត់ទុកវិស័យអគ្គិសនីនៅតែជាអាទិភាពទី១ ក្នុងការការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

វិទ្យុជាតិកម្ពុជា ៖ សេង សុផាន់ណា ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២០៖

រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យអគ្គិសនីនៅតែជាអាទិភាពទី១ ដើម្បី ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចំរើនឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ របស់ប្រជាពលរដ្ឋនិងរោងចក្រសហគ្រាស។
ឯកឧត្តម វ៉ិច ទ័រហ្សូណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា កម្ពុជាបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍថាមពលអគ្គីសនីតាមរយៈការផលិតវារីអគ្គិសនីកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទៅដល់បងប្អូនប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ឧស្សាហកម្មធំៗជាច្រើនផ្សេងៗទៀត។
ឯកឧត្តមបន្តថា ការអភិវឌ្ឍវិស័យថាមពលអគ្គីសនីបានត្រឹមត្រូវ អោយរីកចំរើន នឹងមានប្រសិទ្ធិភាព ដែលជាតួនាទីគន្លិះដ៏សំខាន់ក្នុងជួយជំរុញអោយមានកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងជួយបង្កើតដល់សុខដុមនីយកម្មនៃការរស់នៅរបស់ប្រជាពលរដ្ឋ។
« ខ្ញុំសូមបញ្ជាក់ថា ការអភិវឌ្ឍវិស័យថាមពលអគ្គីសនី នៅតែជារបៀបវារៈដ៏សំខាន់ នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភានេះ ពីព្រោះអគ្គីសនីមិនមែនគ្រាន់តែជាផលិតផលដែលសម្រាប់បម្រើអោយតម្រូវការរបស់ប្រជាពលរដ្ឋក្នុងជីវភាពប៉ុណ្ណោះទេ ជាផលិតផលមួយដែលចាំបាច់សម្រាប់ ការអភិវឌ្ឍន៍វិស័យ ឧស្សាហ៍កម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យស្នូលដ៏ទៃៗទៀត »។
ឯកឧត្តមបានបញ្ជាក់ថា គោលដៅអភិវឌ្ឍន៍វិស័យថាមពល គឺក្នុងគោលបំណងសម្រេចគោលដៅរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការដើម្បីអភិវឌ្ឍន៍ ដោយទី១ដល់ឆ្នាំ២០២០ ភូមិទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ពីប្រភពអគ្គិសនីផ្សេងៗទី២ដល់ឆ្នាំ២០៣០ យ៉ាងហោចណាស់ ៧០ភាគរយ នៃគ្រួសារទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជានឹងមានអគ្គិសនីដែលមានគុណភាពដូចអគ្គិសនីពីបណ្តាញជាតិប្រើប្រាស់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានការផ្គត់ផ្គង់ថាមពលអគ្គីសនីមានទំហំប្រមាណ៣ពាន់មេហ្គាវ៉ាត់ ដែលមានមកពីប្រភពវារីអគ្គិសនី រោងចក្រអគ្គីសនីដុតធ្យុងថ្ម រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រភពនាំចូលពីក្រៅប្រទេស៕