ប្រទេសថៃបញ្ចេញថវិការ៣ពាន់លានដុល្លារដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារជំងឺCOVID-19

វិទ្យុជាតិកម្ពុជា: លោក ឈុន លាង


គណៈរដ្ឋមន្រ្តីថៃបានអនុម័តវិធានការផ្តល់ជំនួយចំនួន ៩៨,៧ ពាន់លានបាត (៣ ពាន់លានដុល្លារ) កាលពីថ្ងៃអង្គារដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺ COVID-19 ដែលកំពុងជំរុញប្រទេសសេដ្ឋកិច្ចធំលំដាប់ទី ២ នៅអាស៊ីអាគ្នេយ៍មួយនេះឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចក្នុងរង្វង់ទឹកប្រាក់ជាង ៤០ ពាន់លានដុល្លារ និងអត្រាបាត់បង់ការងារ១០លាននាក់។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ។
លោក Rachada Dhnadirek មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលថៃបានប្រាប់រ៉យទ័រថារដ្ឋាភិបាលបានយល់ព្រមបង្កើនចំនួនកម្មករដែលទទួលបានជាសាច់ប្រាក់ពីចំនួន ៩ លាននាក់ដល់ ១៤ លាននាក់ដោយត្រូវចំណាយទឹកប្រាក់ប្រមាណ ៧៥ពាន់លានបាត ដូច្នេះកម្មករម្នាក់ៗទទួលបាន ១៥,០០០ បាត។មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក៏នឹងកាត់បន្ថយឬលើកលែងវិក័យប័ត្រអគ្គិសនីដែលមានតម្លៃ ២៣,៧ ពាន់លានបាតសម្រាប់ប្រជាជន ២២ លានគ្រួសារថែមទៀតផង។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេស ២,៨១១ ករណី និងស្លាប់ចំនួន ៤៨នាក់៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters