​សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ា បាននិងកំពុងដាំដុះផ្គត់ផ្គង់ទីផ្សារក្នុង​ស្រុក

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ — លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិ កម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា សហគមន៍កសិកម្ម បន្លែបៃតងពង្រកងវ៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ​​ពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ បាននិងកំពុងមានភាពសកម្មក្នុងការដាំដុះដំណាំ​​កសិ​​កម្ម សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក។

ក្នុងឱកាសចុះពិនិត្យមើលការដាំដុះ និងការប្រមូលផលបន្លែនៅសហគមន៍នេះកាលពី រសៀលអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ លោក ប៉ាង វណ្ណាសេដ្ឋ ឱ្យដឹងទៀតថា សហគមន៍កសិកម្មបន្លែបៃតងពង្រកងវ៉ានេះ មានផ្ទៃដីដាំដុះជាង ៤០,៥ហិកតា ដោយក្នុងនោះផ្ទៃដីប្រមាណជា ២៧,៥ហិកតា សមាជិក សហគមន៍ អាចមានលទ្ធភាពធ្វើការដាំដុះពេញមួយឆ្នាំ និងផ្ទៃដីចំនួន ១៣ហិកតា អាចដាំដុះ តាមរដូវកាល ដែលមានទឹកសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។     

លោកបានបន្តទៀតថា ដោយទទួលបានការសម្របសម្រួល ចងក្រងជាបណ្តុំអាជីវកម្ម ដំណាំបន្លែពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សមាជិក ៤៦គ្រួសារ នៃចំនួន ៥៥គ្រួសារសរុបនៃសហគមន៍ បាននិងកំពុងរៀបចំបំពាក់ផ្ទះសំណាញ់ ក្រោមជំនួយ របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាស​​ធាតុ ​។

យោងតាមតួលេខមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា ដំណាំ និងទិន្នផលសរុបប្រចាំឆ្នាំ ដែលសហគមន៍នេះបាននិងកំពុងទទួលបានពីដាំដុះ និងផ្គត់ផ្គង់មកទីផ្សារក្នុងស្រុក រួមមាន ពោតផ្អែមចំនួន ៦៦តោន, ត្រឡាចចំនួន ១២តោន, ត្រសក់ចំនួន ១៧តោន, បន្លែយកស្លឹក ចំនួន៥០តោន, ត្រប់ស្រួយ ត្រប់វែងចំនួន ៨០តោន, ប៉េងប៉ោះចំនួន ៥តោន, ននោងជ្រុង ចំនួន ១០តោន, ល្ពៅចំនួន ២០តោន, ល្ហុងចំនួន ១០តោន, ម្ទេសចំនួន ៥តោន, ខ្ទឹមបារាំង ចំនួន ១៥តោន, និង ខ្ទឹមសចំនួន ០,៥០តោន ៕

ដោយឈុន សារ៉ាត