សម្តេចតេជោហ៊ុនសែនបន្តណែនាំឲ្យជនរួមជាតិរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩

វិទ្យុជាតិកម្ពុជា 

សម្តេចតេជោហ៊ុនសែនបន្តណែនាំឲ្យជនរួមជាតិរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆំាងជម្ងឺកូវីដ-១៩នេះឲ្យអស់ពីកម្ពុជា។

  សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែមេសា នេះបានសរសេរនៅលើផេកហ្វេកប៊ុកផ្លូវការរបស់សម្តេចថាយើងត្រូវរួមគ្នាទប់ស្កាត់បង្ការកុំអោយឆ្លងមេរោគកូវីដ១៩រាល់វិនាទីនិងជារៀងរាល់ថ្ងៃ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវសូមបងប្អូនជនរួមជាតិចងចាំនិងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាពដែលជាអាយុជីវិតផ្ទាល់របស់បងប្អូន ប្តីប្រពន្ឋ កូនចៅ និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងកម្ចាត់ជំងឺឆ្លងកូវីដ ១៩។

សូមយកជាប់តាមខ្លួនរាល់ពេលធ្វេធ្វើដំណើរនូវម៉ាស ទឹកអាល់កុល និងជឹលសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ។

សម្តេចតេជោបានណែនាំឲ្យបងប្អូនត្រូវប្រើម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈដែលយើងមិនដឹងថាតើរបស់របរនិងសម្ភារៈទាំងនោះត្រូវបានប៉ះពាល់ដោយអ្នកមានមេរោគឆ្លងកូវីដ១៩ឬទេ។

យើងការពារខ្លួនកុំនាំយកមេរោគឆ្លងទៅគេ និងសូមកុំនាំមេរោគពីគេមកយើង និងទៅកាន់ក្រុមគ្រួសារហើយត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានចេញប្រកាសឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់។ ក្រសួងបញ្ជាក់ថា ករណីជាសះស្បើយចំនួន០៣នាក់នោះរួមមាន៖

 

បុរសជនជាតិខ្មែរ អាយុ៤៧ឆ្នាំ និងស្ត្រីជាភរិយា អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមួយ នៅរាជធានីភ្នំពេញ ។បុរសជនជាតិចិនសញ្ជាតិកាណាដាអាយុ ៥០ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នសង្កាត់បឹងកេងកងមួយខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយដោយទទួលបានលទល់តែស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម៕