រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រសារអប់រំ«យើងរួមគ្នាសង្គ្រោះជីវិតពី Covid19 យើង ស្រូបយកនិងចែករំលែកតែព័ត៌មានវិជ្ជមាន»

 វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី ២១ មេសា ២០២០៖

រដ្ឋមន្ត្រី ក្រសួងព័ត៌មាន គាំទ្រសារ សារអប់រំ«យើងរួមគ្នាសង្គ្រោះជីវិតពី Covid19 យើង ស្រូបយកនិងចែករំលែកតែព័ត៌មានវិជ្ជមាន» ដែលអាចជួយដាស់តឿនដល់ប្រជាពលរដ្ឋឱ្យគិតពីសុខភាព និងប្រុងស្មារតីទៅថ្ងៃខាងមុខ។

ក្នុងឱកាសទទួលជួបជាមួយ លោកស្រី អាង សុគន្ធារី ប្រធានសហគមន៍Freedom Faith net Global ហៅកាត់ថា FFG ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានគាំទ្រ និងថតរូប ភ្ជាប់ជាមួយសារ ដែលមានខ្លឹមសារនេះព្រោះវារជួយអប់រំដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានការប្រុងប្រយ័ត្នពីវីរុសកូវីដ-១៩នេះ។ 

លោកស្រី អាង សុគន្ធារី បានបញ្ជាក់ថាបើយើងទទួលរាល់ព័ត៌មាន អវិជ្ជមានច្រើនដោយមិនដឹងខ្លួន ធ្វើអោយមានការប៉ះពាល់ដល់សុខភាព និងស្មារតី ប្រជាពលរដ្ឋ។  សារនេះ មានគោលបំណង អោយប្រជាជនកម្ពុជា និងពិភពលោក កុំអោយស្រូបយក ព័ត៌មាន ដែលអវិជ្ជមាន ហើយងាកមកផ្តោតមកលើព័ត៌មាន ពិតត្រឹមត្រូវ ។  «សហគមន៍យើងធ្វើការប្រមូលរូបភាពដែលមានសារយើងចូលរួមសង្រោះជីវិតពីកូវីត-១៩ យើងស្រូបយកនិងចែករំលែកតែព័ត៌មានវិជ្ជមាន។ អញ្ចឹងសារនេះគឺយើងធ្វើការប្រមូល១៩៧លើពិភពលោក។ អញ្ចឹងគ្រប់ប្រទេសទាំងអស់គឺគាត់ថតរូបជាប់ជាមួយសារហ្នឹងគោលបំណងរបស់យើងគឺចង់ឲ្យបងប្អូនប្រជាជនខ្មែរក៏ដូចជាប្រជាជនលើពិភពលោកទាំងអស់ កុំឲ្យគាត់ស្រូបយកព័ត៌មានដែលអវិជ្ជមាន ឲ្យគាត់ផ្ដល់ទៅលើព័ត៌មានពិត ហើយគាត់ចេះការពារខួរក្បាលគាត់ ចេះការពារផ្នត់គំនិតរបស់គាត់ព្រោះព័ត៌មានទាំងអស់ហ្នឹងវាប៉ះពាល់ដល់សុខភាពស្មារតីរបស់គាត់ទៅថ្ងៃក្រោយ។ ពីព្រោះតាមការស្រាវជ្រាវយើងរកឃើញថាការបញ្ជូលយកព័ត៌មានអវិជ្ជមានរហូតដោយអត់ដឹងខ្លួន ថ្ងៃណាមួយនោះយើងក្លាយជាមនុស្សមួយដែលមានជម្ងឺភ័យខ្លាចអត់ដឹងខ្លួន។ យើងគិតថាមួយថ្ងៃពីរអី ប៉ុន្តែឥឡូវនេះយើងនៅជាមួយកូវីដ-១៩ច្រើនខែដែរ ហើយអញ្ចឹងអត់ដឹងថាថ្ងៃណាវានឹងបញ្ចប់ទៅវិញ។ អញ្ចឹងបើសិនជាយើងអត់ដឹងខ្លួន យើងអត់បានការពារខួរក្បាលយើងទេ អាចមួយឆ្នាំក្រោយ បន្ទាប់ពីចប់កូវីត-១៩ទៅ យើងក្លាយជាមនុស្សតក់ស្លុត ឬបាក់ស្បាតដោយអត់ដឹងខ្លួន»។

សូមបញ្ជាក់ថា សហគមន៍FFG មានសមាជិក ជាង ៧០ ប្រទេស ដោយបានធ្វើការប្រមូលសារ និងថតរូបអ្នក គាំទ្រ កិច្ចការងារនេះ បានចំនួន ១៩០ ប្រទេសហើយ ក្នុងចំណោម ១៩៧ ប្រទេសលើពិភពលោក៕