មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែនិងថាមពល អះអាងថា រោងចក្រផលិតស៊ីម៉ង់ត៍នៅក្នុងស្រុកបានផ្គត់ផ្គង់តម្រូវការបាន១០០ភាគរយ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ២១.៤.២០២០

មន្ត្រីជាន់ខ្ពស់របស់ក្រសួងរ៉ែនិងថាមពល អះអាងថារោងចក្រផលិតស៊ីម៉ង់ត៍ នៅក្នុងស្រុកបានផ្គត់ផ្គង់តម្រូវការបាន១០០ភាគរយ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតសុខដុមរមនានៃការរស់នៅរបស់ប្រជាពលរដ្ឋ ។ 

ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងរ៉ែនិងថាមពល នៅព្រឹកថ្ងៃទី២១ ខែមេសា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយដ្ឋានធនធានរ៉ែ បានមានប្រសាសន៍ថា ខឿនឧស្សាហកម្មនិស្សារណកម្មថ្មីមួយត្រូវបានបង្កើតឡើងដើម្បីបម្រើវិស័យសេដ្ឋកិច្ចនិងសង្គមរួមទាំងវិស័យសំណង់នៅកម្ពុជាតាមរយៈការផ្គត់ផ្គង់នូវប្រភពធាតុដើមសម្បូរបែបដូចជា ខ្សាច់ ឡាតារីត ស៊ីម៉ង់ត៍ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា។  

ឯកឧត្តមបានបញ្ជាក់ថា មកដល់បច្ចប្បន្ននេះ វិស័យសំណង់ បានរីកលូតលាស់ជាបន្តបន្ទាប់ដែលធ្វើឲ្យអាជីវកម្មរ៉ែសំណង់ អាចបំពេញគ្រប់តម្រូវការប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានិងបំពេញតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ។ 

«យើងបានបង្កើតដាក់ឲ្យដំណើររោងចក្រ ឧស្សាហកម្មផលិតស៊ីម៉ង់ត៍ ដែលមានសម្ថតភាពផលិតជាក់ស្តែង បានចំនួនជាង៨លានតោន ក្នុង១ឆ្នាំ សម្ថតភាពផលិតរោងចក្រស៊ីម៉ង់ត៍ ទាំង៥ក្នុងប្រទេស កម្ពុជាបច្ចុប្បន្ននេះយើងអាច ផ្គត់ផ្គង់បាន១០០ភាគរយ នៃតម្រូវការទាំងអស់ ក្នុងប្រទេស ។សម្ថតភាពផលិតរោងចក្រស៊ីម៉ង់ត៍ មុនឆ្នាំ២០០៦គឺពឹងផ្អែកការនាំចូល ពីបរទេស១០០ភាគរយ។ប៉ុន្តែឥឡូវនេះយើងមានផលិតផលស៊ីម៉ង់ត៍ សម្រាប់បម្រើសេចក្តីតម្រូវការគ្រប់គ្រាន់នៅក្នុងប្រទេស »។  

សូមបញ្ជាក់ថា យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានឲ្យដឹងថា វិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមាន អគារខ្ពស់ៗប្រមាណជាង១៧០០អគារ ចាប់ពី៥ជាន់ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុនិងតាមបណ្តាខេត្តមួយចំនួន៕