ក្រសួងរ៉ែ និងថាមពល អះអាងថា ឆ្នាំនេះកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២១ ០៤ ២១

ក្រសួងរ៉ែ និងថាមពល បានអះអាងថា ឆ្នាំនេះកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ឆ្លើយតបបានតាមតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងវិស័យសេដ្ឋកិច្ច។

ឯកឧត្ដម វិចទ័រ ហ្សូណា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលមានប្រសាសន៍ថា នៅជិតពាក់កណ្ដាលឆ្នាំ២០២០នេះ វារីអគ្គិសនីបានមានទឹកសម្រាប់ទុកផ្គត់ផ្គង់អគ្គិសនីប្រមាណ៧០ភាគរយ ដើម្បីបង្កើតថាមពលអគ្គិសនី ដែលធានាឱ្យការប្រើប្រាស់ក្នុងស្រុក ពោលគឺពុំភាពខ្វះខាតឡើយ។

ថ្លែងក្នុងសន្និសទីសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងរ៉ែនិងថាមពល នៅព្រឹកថ្ងៃទី២១ ខែមេសា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបានបញ្ជាក់ថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានទិញម៉ាស៊ីនភ្លើងពីប្រទេសអាឡឺម៉ង់ និងហ្វាងឡង់សរុបប្រមាណ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបានសាង់សង់ស្ថិតនៅស្រុកល្វាអែម ខេត្ដកណ្ដាល។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការសាង់សង់ម៉ាស៊ីនភ្លើងមកដល់ពេលបច្ចុប្បន្ននេះ គឺបានចំនួន៨០ភាគរយហើយ ប៉ុន្ដែដោយសារការសាងសង់កំពុងជួបបញ្ហាប្រឈមនឹងជំងឺកូវីដ១៩រាងយឹត ជាងផែនការបន្តិច។ 

ឯកឧត្តមបន្ដថា ក្រោយពីជំងឺកូវិដ១៩ធូស្រាល អ្នកជំនាញ និងមកពន្លឿនការសាងសង់ឡើងវិញ ដើម្បីដាក់ឱ្យដំណើរការនៅពេលឆាប់ៗនេះ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានការផ្គត់ផ្គង់ថាមពលអគ្គីសនីមានទំហំប្រមាណ៣ពាន់មេហ្គាវ៉ាត់ សរុបទាំងវារីអគ្គិសនី រោងចក្រអគ្គីសនីដុតធ្យុងថ្ម រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ និងប្រភពនាំចូលពីក្រៅប្រទេស៕